1. ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំធ្វើឲ្យទាស់ព្រះហឫទ័យព្រះអម្ចាស់។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះអម្ចាស់ក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។
2. ប្រជាជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូលអង្វរព្រះអម្ចាស់ ហើយភ្លើងក៏ស្ងប់ទៅវិញ។
3. គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ព្រះអម្ចាស់បានឆេះបំផ្លាញពួកគេ។
4. ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រាអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?
5. ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃ នៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់!
6. ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។
7. នំម៉ាណាមានភាពដូចជាគ្រាប់ល្ង ស និងមានពណ៌ភ្លឺថ្លា។
8. ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។
9. ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។
10. លោកម៉ូសេបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង ហើយលោកម៉ូសេក៏អាក់អន់ចិត្តដែរ។
11. លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គធ្វើឲ្យទូលបង្គំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាព្រះអង្គមិនអាណិតមេត្តាទូលបង្គំ? ហេតុអ្វីបានជាឲ្យទូលបង្គំទទួលបន្ទុកលើប្រជាជនទាំងនេះ?
12. តើទូលបង្គំជាអ្នកបង្កើតប្រជាជនទាំងនេះឬ តើទូលបង្គំជាឪពុករបស់ពួកគេឬ បានជាព្រះអង្គបង្គាប់ឲ្យទូលបង្គំបីបាច់ថែរក្សាពួកគេ ដូចម្ដាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលព្រះអង្គបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេ?
13. តើទូលបង្គំទៅរកសាច់ឯណាមកឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ទូលបង្គំ ទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។
14. ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងទេ ព្រោះជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំ។