គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 11:1-10 Khmer Standard Version (KHSV)

1. ពេល​នោះ ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ពេល​ឮ​ពួក​គេ​រអ៊ូ‌រទាំ​ដូច្នេះ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ព្រះ‌អម្ចាស់​ក៏​ឆាប‌ឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។

2. ប្រជា‌ជន​នាំ​គ្នា​ស្រែក​សុំ​ឲ្យ​លោក​ម៉ូសេ ទូល‌អង្វរ​ព្រះ‌អម្ចាស់ ហើយ​ភ្លើង​ក៏​ស្ងប់​ទៅ​វិញ។

3. គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេ‌រ៉ា» ដ្បិត​ភ្លើង​របស់​ព្រះ‌អម្ចាស់​បាន​ឆេះ​បំផ្លាញ​ពួក​គេ។

4. ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?

5. ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់!

6. ឥឡូវ​នេះ ពួក​យើង​បាក់​កម្លាំង គ្មាន​អ្វី​បរិភោគ គឺ​មាន​តែ​នំ​ម៉ាណា​ប៉ុណ្ណោះ!»។

7. នំ​ម៉ាណា​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង ស និង​មាន​ពណ៌​ភ្លឺ​ថ្លា។

8. ប្រជា‌ជន​តែង​នាំ​គ្នា​ចេញ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រស‌ជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។

9. ពេល​ណា​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​វេលា​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា​មួយ​ដែរ។

10. លោក​ម៉ូសេ​បាន​ឮ​ប្រជា‌ជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់‌អន់​ចិត្ត​ដែរ។

សូមអានជំពូកពេញលេញ ជន‌គណនា 11