គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 10:10-25 Khmer Standard Version (KHSV)

10. នៅ​ថ្ងៃ​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ​នៅ​ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​ឲ្យ​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

11. នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក*​បាន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។

12. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់‌លំដោយ ដែល​កំណត់​ទុក​ស្ដី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។

13. ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

14. ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់

15. កង‌ពល​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដឹក​នាំ​ដោយ​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ

16. និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដឹក​នាំ​ដោយ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។

17. គេ​បាន​រើ​ព្រះ‌ពន្លា ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ព្រះ‌ពន្លា​នោះ​ចេញ​ដំណើរ​ទៅ។

18. បន្ទាប់​មក ទង់​សញ្ញា​នៃ​ជំរំ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​រូបេន ដឹក​នាំ​ដោយ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ

19. កង‌ពល​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ដឹក​នាំ​ដោយ​លោក​ស៊្លូ‌មាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ

20. និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​កាដ ដឹក​នាំ​ដោយ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេអ៊ូ‌អែល។

21. បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទី‌សក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​ពួក​គេ​ទៅ​ដល់។

22. បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រាអ៊ីម​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​អេប្រាអ៊ីម ដឹក​នាំ​ដោយ​លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ

23. កង‌ពល​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដឹក​នាំ​ដោយ​លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ

24. និង​កង‌ពល​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដឹក​នាំ​ដោយ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនី។

25. ក្រោយ​គេ​បង្អស់ ទង់​សញ្ញា​នៃ​ជំរំ​ដាន់​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន ដែល​មាន​កង‌ពល​ដាន់ ដឹក​នាំ​ដោយ​លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ

សូមអានជំពូកពេញលេញ ជន‌គណនា 10