5. បន្ទាប់មក គាត់ទៅផ្ទះឪពុករបស់គាត់ នៅអូប្រា ហើយនៅទីនោះ គាត់សម្លាប់បងប្អូនរបស់គាត់ គឺកូនរបស់លោកយេរូបាលទាំងចិតសិបនាក់ ក្នុងពេលតែមួយ។ មានតែយ៉ូថាម ដែលជាកូនពៅម្នាក់គត់បានរួចជីវិត ព្រោះលោកលាក់ខ្លួន។
6. ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេតមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេកជាស្ដេច។
7. ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖«ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយសូមស្ដាប់ខ្ញុំហើយសូមព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នាដែរ!
8. ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្ដេចឲ្យគ្រងរាជ្យលើគេ។ពួកគេពោលទៅកាន់ដើមអូលីវថា:សូមគ្រងរាជ្យលើយើងខ្ញុំទៅ។
9. ប៉ុន្តែ ដើមអូលីវឆ្លើយថា:ព្រះ និងមនុស្សលោកពេញចិត្តនឹងប្រេងរបស់ខ្ញុំគ្រប់ៗគ្នាតើឲ្យខ្ញុំលះបង់ប្រេងរបស់ខ្ញុំហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត។
10. ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមឧទុម្ពរថា:សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
11. ប៉ុន្តែ ដើមឧទុម្ពរឆ្លើយថា:តើឲ្យខ្ញុំលះបង់ផ្លែដ៏ផ្អែម និងឆ្ងាញ់ពិសាហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត?
12. ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ដើមទំពាំងបាយជូរថា:សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
13. ប៉ុន្តែ ដើមទំពាំងបាយជូរឆ្លើយថា:ស្រារបស់ខ្ញុំបានធ្វើឲ្យព្រះ និងមនុស្សលោក សប្បាយចិត្តគ្រប់ៗគ្នាតើឲ្យខ្ញុំលះបង់ស្រារបស់ខ្ញុំហើយទៅយោលខ្លួនលើដើមឈើឯទៀតៗដូចម្ដេចកើត?
14. នៅទីបំផុត ដើមឈើទាំងឡាយពោលទៅកាន់គុម្ពបន្លាថា:សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
15. គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា:ប្រសិនបើអ្នករាល់គ្នាចង់អភិសេកខ្ញុំឲ្យធ្វើជាស្ដេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ!បើមិនធ្វើដូច្នោះទេនឹងមានភ្លើងចេញពីគុម្ពបន្លាបញ្ឆេះដើមតាត្រៅនៅស្រុកលីបង់ថែមទៀតផង!
16. ឥឡូវនេះ តើអ្នករាល់គ្នាលើកអប៊ីម៉ាឡេកឡើងជាស្ដេចដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែនឬ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងគ្រួសារលោក ដោយត្រឹមត្រូវឬ? តើអ្នករាល់គ្នាដឹងគុណលោក ចំពោះកិច្ចការដែលលោកបានធ្វើដល់អ្នករាល់គ្នាឬទេ?
17. ឪពុករបស់ខ្ញុំបានច្បាំង ដើម្បីអ្នករាល់គ្នា លោកបានស៊ូប្ដូរជីវិតរបស់លោករំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន។
18. ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបះបោរប្រឆាំងនឹងក្រុមគ្រួសារលោក អ្នករាល់គ្នាសម្លាប់កូនប្រុសរបស់លោកទាំងចិតសិបនាក់ក្នុងពេលតែមួយ ព្រមទាំងលើកអប៊ីម៉ាឡេក ជាកូនស្ត្រីបម្រើរបស់លោក ឲ្យធ្វើជាស្ដេច គ្រងរាជ្យលើអ្នកមុខអ្នកការ នៅស៊ីគែមថែមទៀតផង ព្រោះគាត់ត្រូវជាសាច់ញាតិរបស់អ្នករាល់គ្នា។