គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:44-52 Khmer Standard Version (KHSV)

44. លោក​អប៊ីម៉ា‌ឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។

45. លោក​អប៊ីម៉ា‌ឡេក​វាយ​ទីក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ គាត់​សម្លាប់​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង ហើយ​បំផ្លាញ​ទីក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។

46. នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះ‌បេរីត។

47. លោក​អប៊ីម៉ា‌ឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ

48. គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់‌ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។

49. ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ីម៉ា‌ឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ​ទៅ​គរ​នៅ​មាត់​គុហា រួច​ដុត​ភ្លើង​បញ្ឆេះ​គុហា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។

50. ក្រោយ​មក លោក​អប៊ីម៉ា‌ឡេក​ទៅ​ក្រុង​ថេ‌បេស គាត់​ឡោម‌ព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។

51. នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។

52. លោក​អប៊ីម៉ា‌ឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។

សូមអានជំពូកពេញលេញ ចៅហ្វាយ 9