គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:35-51 Khmer Standard Version (KHSV)

35. ពេល​នោះ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទីក្រុង។ រីឯ​លោក​អប៊ីម៉ា‌ឡេក និង​ទាហាន​របស់​គាត់ ក៏​ស្ទុះ​ចេញ​មក​ពី​ទី​បង្កប់​ខ្លួន​ដែរ។

36. លោក​កាអាល​ឃើញ​ពួក​គេ ក៏​និយាយ​ទៅ​កាន់​លោក​សេប៊ូល​ថា៖ «មើល! មាន​មនុស្ស​ចុះ​ពី​លើ​កំពូល​ភ្នំ​មក»។ ប៉ុន្តែ លោក​សេប៊ូល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ជា​ស្រមោល​ភ្នំ​ទេ​តើ តែ​អ្នក​មើល​ឃើញ​ថា​ជា​មនុស្ស​ទៅ​វិញ!»។

37. លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។

38. លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេង‌ក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ីម៉ា‌ឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើល‌ងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។

39. លោក​កាអាល​ក៏​នាំ​មុខ​អ្នក​ក្រុង​ស៊ីគែម ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​លោក​អប៊ីម៉ា‌ឡេក។

40. លោក​កាអាល​បាក់​ទ័ព ហើយ​លោក​អប៊ីម៉ា‌ឡេក​ដេញ​តាម​ពី​ក្រោយ។ មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​របួស ដួល​ស្លាប់​មុន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង។

41. លោក​អប៊ីម៉ា‌ឡេក​ទៅ​ស្នាក់​នៅ​ភូមិ​អារូ‌ម៉ា ចំណែក​លោក​សេប៊ូល​វិញ គាត់​ដេញ​លោក​កាអាល និង​បង‌ប្អូន​របស់​គេ ចេញ​ពី​ស៊ីគែម មិន​ឲ្យ​គេ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ។

42. លុះ​ស្អែក​ឡើង លោក​អប៊ីម៉ា‌ឡេក បាន​ទទួល​ដំណឹង​ថា អ្នក​ក្រុង​ស៊ីគែម​រៀបចំ​ខ្លួន​ចេញ​ទៅ​វាល។

43. គាត់​ក៏​ប្រមូល​ទាហាន​របស់​គាត់​មក ចែក​គេ​ជា​បី​ក្រុម ហើយ​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​វាល។ ពេល​គាត់​ឃើញ​អ្នក​ក្រុង​ស៊ីគែម​ចេញ​ពី​ទីក្រុង​មក គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រហារ​ពួក​គេ​ភ្លាម។

44. លោក​អប៊ីម៉ា‌ឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។

45. លោក​អប៊ីម៉ា‌ឡេក​វាយ​ទីក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ គាត់​សម្លាប់​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង ហើយ​បំផ្លាញ​ទីក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។

46. នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះ‌បេរីត។

47. លោក​អប៊ីម៉ា‌ឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ

48. គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់‌ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។

49. ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ីម៉ា‌ឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ​ទៅ​គរ​នៅ​មាត់​គុហា រួច​ដុត​ភ្លើង​បញ្ឆេះ​គុហា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។

50. ក្រោយ​មក លោក​អប៊ីម៉ា‌ឡេក​ទៅ​ក្រុង​ថេ‌បេស គាត់​ឡោម‌ព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។

51. នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។

សូមអានជំពូកពេញលេញ ចៅហ្វាយ 9