គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:23-38 Khmer Standard Version (KHSV)

23. ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​អប៊ីម៉ា‌ឡេក និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម មាន​គំនិត​បាក់​បែក​គ្នា គឺ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​នឹង​លោក​អប៊ីម៉ា‌ឡេក។

24. ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាត‌កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់។ លោក​អប៊ីម៉ា‌ឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង‌ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាត‌កម្ម​នេះ។

25. ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ីម៉ា‌ឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ីម៉ា‌ឡេក។

26. ថ្ងៃ​មួយ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បង‌ប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។

27. ពួក​គេ​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្ដាសា​លោក​អប៊ីម៉ា‌ឡេក។

28. ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ីម៉ា‌ឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូ‌បាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បម្រើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជ‌ពង្ស​លោក​ហា‌ម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។

29. ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជា‌ជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ីម៉ា‌ឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ីម៉ា‌ឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។

30. កាល​លោក​សេប៊ូល ជា​ចៅហ្វាយ​ក្រុង បាន​ឮ​ពាក្យ​ដែល​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ និយាយ​គាត់​ខឹង​យ៉ាង​ខ្លាំង។

31. គាត់​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជា​សម្ងាត់ ប្រាប់​លោក​អប៊ីម៉ា‌ឡេក​ថា៖ «កាអាល ជា​កូន​របស់​លោក​អេបេដ ព្រម​ទាំង​បង‌ប្អូន​របស់​គេ​ទើប​នឹង​មក​ដល់​ស៊ីគែម ហើយ​កំពុង​តែ​ញុះ‌ញង់​អ្នក​ក្រុង​ឲ្យ​ប្រឆាំង​នឹង​លោក។

32. ដូច្នេះ នៅ​យប់​នេះ សូម​លោក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​លោក​ទៅ។

33. ស្អែក​ឡើង ពេល​ថ្ងៃ​រះ សឹម​វាយ​សម្រុក​ចូល​ទីក្រុង។ នៅ​ពេល​កាអាល និង​បក្ស​ពួក​របស់​គេ​ចេញ​ទៅ​តទល់​នឹង​លោក​នោះ លោក​អាច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ»។

34. លោក​អប៊ីម៉ា‌ឡេក និង​ទាហាន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​គាត់ ក្រោក​ឡើង​ទាំង​យប់ ចែក​គ្នា​ជា​បួន​ក្រុម រួច​ទៅ​បង្កប់​ខ្លួន​នៅ​ក្បែរ​ស៊ីគែម។

35. ពេល​នោះ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទីក្រុង។ រីឯ​លោក​អប៊ីម៉ា‌ឡេក និង​ទាហាន​របស់​គាត់ ក៏​ស្ទុះ​ចេញ​មក​ពី​ទី​បង្កប់​ខ្លួន​ដែរ។

36. លោក​កាអាល​ឃើញ​ពួក​គេ ក៏​និយាយ​ទៅ​កាន់​លោក​សេប៊ូល​ថា៖ «មើល! មាន​មនុស្ស​ចុះ​ពី​លើ​កំពូល​ភ្នំ​មក»។ ប៉ុន្តែ លោក​សេប៊ូល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ជា​ស្រមោល​ភ្នំ​ទេ​តើ តែ​អ្នក​មើល​ឃើញ​ថា​ជា​មនុស្ស​ទៅ​វិញ!»។

37. លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។

38. លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេង‌ក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ីម៉ា‌ឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើល‌ងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 9