គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:2-20 Khmer Standard Version (KHSV)

2. «សូម​បង‌ប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។

3. បង‌ប្អូន​ខាង​ម្ដាយ​របស់​លោក​អប៊ីម៉ា‌ឡេក​នាំ​ពាក្យ​នេះ ទៅ​ជម្រាប​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម។ ពួក​គេ​នាំ​គ្នា​គាំទ្រ​លោក​អប៊ីម៉ា‌ឡេក ដោយ​គិត​ថា គាត់​ជា​សាច់​ឈាម​របស់​ពួក​គេ។

4. ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង​ពី​វិហារ​របស់​ព្រះ​បាល‌បេរីត ជូន​គាត់។ លោក​អប៊ីម៉ា‌ឡេក​យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានា‌ថា ឲ្យ​មក​តាម​គាត់។

5. បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត‌សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។

6. ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​បេត​មីឡូ​បាន​ជួប‌ជុំ​គ្នា​ត្រង់​ដើម​ជ្រៃ នៅ​ស៊ីគែម ជិត​ស្តូប​ថ្ម ហើយ​តែង‌តាំង​លោក​អប៊ីម៉ា‌ឡេក​ជា​ស្ដេច។

7. ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖«ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយសូម​ស្ដាប់​ខ្ញុំហើយ​សូម​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់អ្នក​រាល់​គ្នា​ដែរ!

8. ថ្ងៃ​មួយ ដើម​ឈើ​ទាំង‌ឡាយ​ដើរ​ផ្សង​រក​ស្ដេចឲ្យ​គ្រង​រាជ្យ​លើ​គេ។ពួក​គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា:សូម​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ។

9. ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា:ព្រះ និង​មនុស្ស​លោកពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នាតើ​ឲ្យ​ខ្ញុំ​លះ‌បង់​ប្រេង​របស់​ខ្ញុំហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗដូច​ម្ដេច​កើត។

10. ពេល​នោះ ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ដើម​ឧទុម្ពរ​ថា:សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

11. ប៉ុន្តែ ដើម​ឧទុម្ពរ​ឆ្លើយ​ថា:តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ផ្លែ​ដ៏​ផ្អែម និង​ឆ្ងាញ់​ពិសាហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗដូច​ម្ដេច​កើត?

12. ពេល​នោះ ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ដើម​ទំពាំង‌បាយជូរ​ថា:សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

13. ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​ឆ្លើយ​ថា:ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យព្រះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នាតើ​ឲ្យ​ខ្ញុំ​លះ‌បង់​ស្រា​របស់​ខ្ញុំហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗដូច​ម្ដេច​កើត?

14. នៅ​ទី​បំផុត ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់គុម្ព​បន្លា​ថា:សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

15. គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា:ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​អភិសេក​ខ្ញុំ​ឲ្យ​ធ្វើជា​ស្ដេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ!បើ​មិន​ធ្វើ​ដូច្នោះ​ទេនឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!

16. ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ីម៉ា‌ឡេក​ឡើង​ជា​ស្ដេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​គ្រួសារ​លោក ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​លោក ចំពោះ​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?

17. ឪពុក​របស់​ខ្ញុំ​បាន​ច្បាំង ដើម្បី​អ្នក​រាល់​គ្នា លោក​បាន​ស៊ូ​ប្ដូរ​ជីវិត​របស់​លោក​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន។

18. ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិត‌សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ីម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្ដេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា។

19. ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​ក្រុម​គ្រួសារ​លោក​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អប៊ីម៉ា‌ឡេក ហើយ​សូម​ឲ្យ​គាត់​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​អ្នក​រាល់​គ្នា​វិញ​ដែរ។

20. បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អប៊ីម៉ា‌ឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ រួច​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ មក​ឆេះ​អប៊ីម៉ា‌ឡេក​វិញ​ដែរ!»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 9