គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 8:5-15 Khmer Standard Version (KHSV)

5. ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំប៉័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់‌មូណា ស្ដេច​សាសន៍​ម៉ាឌាន»។

6. ប៉ុន្តែ មេ​ដឹក​នាំ​ក្រុង​សិកូត​នាំ​គ្នា​ឆ្លើយ​មក​លោក​វិញ​ថា៖ «តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​លោក​បរិភោគ?»។

7. លោក​គេឌាន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបង‌យក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។

8. លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។

9. លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​ពេនួល​ថា៖ «កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ដោយ​ជោគ​ជ័យ ខ្ញុំ​នឹង​រំលំ​ប៉ម​ក្រុង​នេះ​ចោល»។

10. រីឯ​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា បាន​ទៅ​ដល់​តំបន់​កើ‌កូរ​ជា​មួយ​កង‌ទ័ព​របស់​គេ ប្រមាណ​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ដែល​នៅ​សល់​ពី​កង‌ទ័ព​ទាំង​មូល​របស់​ពួក​ពនេចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ហើយ។

11. លោក​គេឌាន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពនេ‌ចរ នៅ​ខាង​កើត​ភូមិ​ណូបាស និង​ភូមិ​យ៉ុក‌បិហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។

12. ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​សេបាស និង​សាល់‌មូណារត់​គេច​ខ្លួន ប៉ុន្តែ លោក​គេឌាន​ដេញ​តាម​ចាប់​បាន​ស្ដេច​ទាំង​ពីរ ព្រម​ទាំង​វាយ​កង‌ទ័ព​របស់​ស្ដេច​ឲ្យ​បាក់​ទ័ព​ផង។

13. លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​មក​ពី​ធ្វើ​សឹក​វិញ តាម​ច្រក​ភ្នំ​ហេរេស។

14. ពេល​នោះ លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​សិកូត មក​សួរ​ចម្លើយ ហើយ​ឲ្យ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​សិកូត ដែល​មាន​ចំនួន​ចិត‌សិប​ប្រាំ‌ពីរ​នាក់។

15. បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល‌ងាយ​ថា “តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 8