គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 8:24-33 Khmer Standard Version (KHSV)

24. លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន‌ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​ទាំង​អស់​គ្នា។

25. ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។

26. ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទំហូ និង​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្ដេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។

27. លោក​គេឌាន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​គេឌាន និង​ក្រុម​គ្រួសារ​របស់​លោក។

28. ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ជា​ចំណុះ​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​អាច​ងើប​មុខ​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

29. លោក​យេរូ‌បាល ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។

30. លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។

31. ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ា‌ឡេក។

32. លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។

33. ក្រោយ​ពី​លោក​គេឌាន​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល គឺ​គេ​យក​ព្រះ​បាល-‌បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ

សូមអានជំពូកពេញលេញ ចៅហ្វាយ 8