គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 8:1-8 Khmer Standard Version (KHSV)

1. កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្ដី​បន្ទោស​លោក​យ៉ាង​ខ្លាំង។

2. លោក​គេឌាន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជំនះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បង‌ប្អូន​បាន​ធ្វើ​ឡើយ។ បង‌ប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បង‌ប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អបៀ‌ស៊ើរ​របស់​ខ្ញុំ​ទៅ​ទៀត?

3. ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បង‌ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ចការ​ដែល​បង‌ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​គេឌាន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។

4. លោក​គេឌាន និង​ទ័ព​ទាំង​បី​រយ​នាក់ បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ទោះ​បី​ពួក​គេ​នឿយ‌ហត់​ខ្លាំង​ណាស់​ទៅ​ហើយ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត។

5. ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំប៉័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់‌មូណា ស្ដេច​សាសន៍​ម៉ាឌាន»។

6. ប៉ុន្តែ មេ​ដឹក​នាំ​ក្រុង​សិកូត​នាំ​គ្នា​ឆ្លើយ​មក​លោក​វិញ​ថា៖ «តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​លោក​បរិភោគ?»។

7. លោក​គេឌាន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបង‌យក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។

8. លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។

សូមអានជំពូកពេញលេញ ចៅហ្វាយ 8