14. មិត្តភក្ដិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រាអែលឡើយ។ ព្រះជាម្ចាស់បានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។
15. ពេលលោកគេឌាន ឮគេនិយាយគ្នាអំពីសុបិន និងអត្ថន័យនៃសុបិននោះ លោកក៏ក្រាបថ្វាយបង្គំព្រះជាម្ចាស់។ បន្ទាប់មក លោកវិលទៅទីតាំងទ័ពរបស់ជនជាតិអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរនាំគ្នាក្រោកឡើង ព្រះអម្ចាស់ប្រគល់កងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
16. លោកគេឌានបំបែកទ័ពបីរយនាក់ ជាបីក្រុម លោកក៏ប្រគល់ស្នែង ក្អមទទេ និងចន្លុះសម្រាប់ដាក់ក្នុងក្អមឲ្យពួកគេកាន់គ្រប់ៗគ្នា។
17. បន្ទាប់មក លោកបញ្ជាទៅពួកគេថា៖ «ចូរមើលមកខ្ញុំ បើខ្ញុំធ្វើអ្វី ត្រូវនាំគ្នាធ្វើតាម ពេលខ្ញុំទៅដល់ក្បែរទីតាំងទ័ពរបស់គេ បើខ្ញុំធ្វើអ្វី នាំគ្នាធ្វើតាមទៅ។
18. កាលណាខ្ញុំ និងពួកដែលនៅជាមួយខ្ញុំផ្លុំស្នែង អ្នករាល់គ្នាដែលនៅជុំវិញទីតាំងទ័ពត្រូវផ្លុំស្នែងដែរ ហើយស្រែកឡើងថា “ជយោព្រះអម្ចាស់! ជយោលោកគេឌាន!”»។
19. លុះជិតពាក់កណ្ដាលអធ្រាត្រ ពេលគេទើបនឹងប្ដូរអ្នកយាម លោកគេឌាន និងទាហានមួយរយនាក់ដែលនៅជាមួយលោក មកដល់ជិតទីតាំងទ័ពរបស់ជនជាតិម៉ាឌាន ហើយនាំគ្នាផ្លុំស្នែងឡើង ព្រមទាំងបំបែកក្អមដែលគេកាន់មកជាមួយនោះ។
20. ទ័ពទាំងបីក្រុមផ្លុំស្នែង និងបំបែកក្អមព្រមគ្នា ពួកគេកាន់ចន្លុះនៅដៃឆ្វេង ហើយកាន់ស្នែងសម្រាប់ផ្លុំនៅដៃស្ដាំ ទាំងស្រែកថា៖ «យើងវាយយកជ័យថ្វាយព្រះអម្ចាស់ និងយកជ័យជូនលោកគេឌាន!»។
21. ពួកគេឈរនៅកន្លែងរៀងៗខ្លួនព័ទ្ធជុំវិញទីតាំងទ័ព។ រីឯខ្មាំងសត្រូវទាំងអស់ ដែលនៅក្នុងទីតាំងទ័ព នាំគ្នារត់ និងស្រែក ហើយបាក់ទ័ព។
22. នៅពេលទ័ពទាំងបីរយនាក់ផ្លុំស្នែង ព្រះអម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាឯង ហើយរត់គេចខ្លួនរហូតដល់បេតស៊ីតា តាមផ្លូវទៅសេរេរ៉ា ហើយរហូតដល់មាត់ស្ទឹង នៅភូមិអេបិល-មហូឡា ដែលនៅទល់មុខនឹងភូមិតាបាត់។
23. ជនជាតិអ៊ីស្រាអែលនៃកុលសម្ព័ន្ធណែបថាលី កុលសម្ព័ន្ធអេស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងមូលប្រមូលគ្នាមក ហើយដេញតាមជនជាតិម៉ាឌាន។
24. លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។