គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 7:12-25 Khmer Standard Version (KHSV)

12. ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

13. ពេល​លោក​គេឌាន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំប៉័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំប៉័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ»។

14. មិត្ត‌ភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​គេឌាន កូន​របស់​លោក​យ៉ូអាស ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ជន‌ជាតិ​ម៉ាឌាន និង​កង‌ទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។

15. ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថ‌ន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះ‌អម្ចាស់​ប្រគល់​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

16. លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម​ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។

17. បន្ទាប់​មក លោក​បញ្ជា​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​អ្វី ត្រូវ​នាំ​គ្នា​ធ្វើ​តាម ពេល​ខ្ញុំ​ទៅ​ដល់​ក្បែរ​ទី​តាំង​ទ័ព​របស់​គេ បើ​ខ្ញុំ​ធ្វើ​អ្វី នាំ​គ្នា​ធ្វើ​តាម​ទៅ។

18. កាល​ណា​ខ្ញុំ និង​ពួក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ស្នែង អ្នក​រាល់​គ្នា​ដែល​នៅ​ជុំ‌វិញ​ទី​តាំង​ទ័ព​ត្រូវ​ផ្លុំ​ស្នែង​ដែរ ហើយ​ស្រែក​ឡើង​ថា “ជយោ​ព្រះ‌អម្ចាស់! ជយោ​លោក​គេឌាន!”»។

19. លុះ​ជិត​ពាក់​កណ្ដាល​អធ្រាត្រ ពេល​គេ​ទើប​នឹង​ប្ដូរ​អ្នក​យាម លោក​គេឌាន និង​ទាហាន​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។

20. ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្ដាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ព្រះ‌អម្ចាស់ និង​យក​ជ័យ​ជូន​លោក​គេឌាន!»។

21. ពួក​គេ​ឈរ​នៅ​កន្លែង​រៀងៗ​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទី​តាំង​ទ័ព។ រីឯ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​តាំង​ទ័ព នាំ​គ្នា​រត់ និង​ស្រែក ហើយ​បាក់​ទ័ព។

22. នៅ​ពេល​ទ័ព​ទាំង​បី​រយ​នាក់​ផ្លុំ​ស្នែង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​កាប់​សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេត‌ស៊ី‌តា តាម​ផ្លូវ​ទៅ​សេរេ‌រ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អេបិល-‌មហូឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។

23. ជន‌ជាតិ​អ៊ីស្រា‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេ‌ស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

24. លោក​គេឌាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេត‌បា‌រ៉ា និង​ទន្លេ​យ័រដាន់»។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបា‌រ៉ា និង​ទន្លេ​យ័រដាន់។

25. ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង‌បាយជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ មក​ជូន​លោក​គេឌាន។

សូមអានជំពូកពេញលេញ ចៅហ្វាយ 7