គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 7:11-20 Khmer Standard Version (KHSV)

11. អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បម្រើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។

12. ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

13. ពេល​លោក​គេឌាន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំប៉័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំប៉័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ»។

14. មិត្ត‌ភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​គេឌាន កូន​របស់​លោក​យ៉ូអាស ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ជន‌ជាតិ​ម៉ាឌាន និង​កង‌ទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។

15. ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថ‌ន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះ‌អម្ចាស់​ប្រគល់​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

16. លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម​ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។

17. បន្ទាប់​មក លោក​បញ្ជា​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​អ្វី ត្រូវ​នាំ​គ្នា​ធ្វើ​តាម ពេល​ខ្ញុំ​ទៅ​ដល់​ក្បែរ​ទី​តាំង​ទ័ព​របស់​គេ បើ​ខ្ញុំ​ធ្វើ​អ្វី នាំ​គ្នា​ធ្វើ​តាម​ទៅ។

18. កាល​ណា​ខ្ញុំ និង​ពួក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ស្នែង អ្នក​រាល់​គ្នា​ដែល​នៅ​ជុំ‌វិញ​ទី​តាំង​ទ័ព​ត្រូវ​ផ្លុំ​ស្នែង​ដែរ ហើយ​ស្រែក​ឡើង​ថា “ជយោ​ព្រះ‌អម្ចាស់! ជយោ​លោក​គេឌាន!”»។

19. លុះ​ជិត​ពាក់​កណ្ដាល​អធ្រាត្រ ពេល​គេ​ទើប​នឹង​ប្ដូរ​អ្នក​យាម លោក​គេឌាន និង​ទាហាន​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។

20. ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្ដាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ព្រះ‌អម្ចាស់ និង​យក​ជ័យ​ជូន​លោក​គេឌាន!»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 7