គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 7:11-16 Khmer Standard Version (KHSV)

11. អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បម្រើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។

12. ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

13. ពេល​លោក​គេឌាន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំប៉័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំប៉័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ»។

14. មិត្ត‌ភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​គេឌាន កូន​របស់​លោក​យ៉ូអាស ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ជន‌ជាតិ​ម៉ាឌាន និង​កង‌ទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។

15. ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថ‌ន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះ‌អម្ចាស់​ប្រគល់​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

16. លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម​ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។

សូមអានជំពូកពេញលេញ ចៅហ្វាយ 7