គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:7-15 Khmer Standard Version (KHSV)

7. នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ សុំ​ព្រះ‌អម្ចាស់​រំដោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន

8. ព្រះ‌អង្គ​ក៏​ចាត់​ព្យាការី​មួយ​រូប​ឲ្យ​មក​ប្រាប់​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។

9. យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា។ យើង​បាន​ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រគល់​ទឹក​ដី​របស់​ពួក​គេ​មក​ឲ្យ​អ្នក​រាល់​គ្នា​ទៀត​ផង។

10. យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ​នេះ​ទេ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​សោះ”»។

11. គ្រា​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​មក​ភូមិ​អូប្រា អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អបៀ‌ស៊ើរ។ ពេល​នោះ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សម្រាប់​គាប​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​ឃើញ។

12. ទេវតា​របស់​ព្រះ‌អម្ចាស់​មក​បង្ហាញ​ខ្លួន​ឲ្យ​លោក​គេឌាន​ឃើញ ហើយ​ពោល​ថា៖ «វីរ‌ជន​ដ៏​អង់‌អាច​អើយ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។

13. លោក​គេឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះ‌អង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន!»។

14. ព្រះ‌អម្ចាស់ បែរ​មក​រក​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។

15. លោក​គេឌាន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់‌ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6