4. អ្នកទាំងនោះបានមកបោះទ័ពនៅក្បែរជនជាតិអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជនជាតិអ៊ីស្រាអែលបរិភោគឡើយ ទោះបីចៀម គោ ឬលាក្ដី ក៏មិនទុកឲ្យសល់ដែរ។
5. ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។
6. ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរព្រះអម្ចាស់ឲ្យជួយសង្គ្រោះគេ។
7. នៅពេលជនជាតិអ៊ីស្រាអែលស្រែកអង្វរ សុំព្រះអម្ចាស់រំដោះគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន
8. ព្រះអង្គក៏ចាត់ព្យាការីមួយរូបឲ្យមកប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នាចេញពីកន្លែង ដែលអ្នករាល់គ្នាជាប់ជាទាសករ។
9. យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ សង្កត់សង្កិនអ្នករាល់គ្នា។ យើងបានដេញពួកគេចេញពីមុខអ្នករាល់គ្នា ព្រមទាំងប្រគល់ទឹកដីរបស់ពួកគេមកឲ្យអ្នករាល់គ្នាទៀតផង។
10. យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្ដាប់យើងសោះ”»។