គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:30-40 Khmer Standard Version (KHSV)

30. អ្នក​ភូមិ​ពោល​ទៅ​កាន់​លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។

31. លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បង‌ប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ​បាល? តើ​បង‌ប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​ឲ្យ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។

32. ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូ‌បាល» ដោយ​ពោល​ថា «សូម​ឲ្យ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។

33. នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ដែល​មក​ពី​ទិស​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេសរាល។

34. ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​គង់​ក្នុង​លោក​គេឌាន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជា‌ជន​ក្នុង​អំបូរ​អបៀ‌ស៊ើរ ឲ្យ​មក​តាម​លោក។

35. លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ សាប់យូ‌ឡូន និង​ណែប‌ថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។

36. ពេល​នោះ លោក​គេឌាន​ទូល​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ

37. ដូច្នេះ ទូលបង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំ‌វិញ​ស្ងួត នោះ​ទូលបង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន»។

38. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​គេឌាន​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។

39. លោក​គេឌាន​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «សូម​ព្រះ‌អង្គ​កុំ​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​អី។ ទូលបង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។

40. យប់​នោះ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​គេឌាន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6