គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:2-13 Khmer Standard Version (KHSV)

2. ជន‌ជាតិ​ម៉ាឌាន​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជម្រក ដើម្បី​គេច​ខ្លួន​ពី​ជន‌ជាតិ​ម៉ាឌាន។

3. រាល់​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​សាប​ព្រោះ ជន‌ជាតិ​ម៉ាឌាន និង​ជន‌ជាតិ​អាម៉ា‌ឡេក ព្រម​ទាំង​ពួក​ពនេ‌ចរ​មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុក‌លុយ។

4. អ្នក​ទាំង​នោះ​បាន​មក​បោះ​ទ័ព​នៅ​ក្បែរ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​បំផ្លាញ​ផល​ដំណាំ​របស់​គេ​រហូត​ដល់​ក្រុង​កាសា។ អ្នក​ទាំង​នោះ​មិន​បាន​ទុក​អ្វី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បរិភោគ​ឡើយ ទោះ​បី​ចៀម គោ ឬ​លា​ក្ដី ក៏​មិន​ទុក​ឲ្យ​សល់​ដែរ។

5. ពួក​គេ​នាំ​គ្នា​មក ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជា​មួយ​ផង ពួក​គេ​មាន​គ្នា​ច្រើន​អនេក​ដូច​កណ្ដូប គឺ​ទាំង​មនុស្ស ទាំង​សត្វ​អូដ្ឋ មាន​ចំនួន​ច្រើន​ឥត​គណនា​ចូល​មក​បំផ្លាញ​ស្រុក​អ៊ីស្រា‌អែល។

6. ព្រោះ​តែ​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្លាក់​ខ្លួន​ក្រ‌ខ្សត់​យ៉ាង​ខ្លាំង គេ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ជួយ​សង្គ្រោះ​គេ។

7. នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ សុំ​ព្រះ‌អម្ចាស់​រំដោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន

8. ព្រះ‌អង្គ​ក៏​ចាត់​ព្យាការី​មួយ​រូប​ឲ្យ​មក​ប្រាប់​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។

9. យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់ សង្កត់‌សង្កិន​អ្នក​រាល់​គ្នា។ យើង​បាន​ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រគល់​ទឹក​ដី​របស់​ពួក​គេ​មក​ឲ្យ​អ្នក​រាល់​គ្នា​ទៀត​ផង។

10. យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ​នេះ​ទេ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​សោះ”»។

11. គ្រា​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​មក​ភូមិ​អូប្រា អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អបៀ‌ស៊ើរ។ ពេល​នោះ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សម្រាប់​គាប​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​ឃើញ។

12. ទេវតា​របស់​ព្រះ‌អម្ចាស់​មក​បង្ហាញ​ខ្លួន​ឲ្យ​លោក​គេឌាន​ឃើញ ហើយ​ពោល​ថា៖ «វីរ‌ជន​ដ៏​អង់‌អាច​អើយ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។

13. លោក​គេឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះ‌អង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន!»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6