គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 6:17-32 Khmer Standard Version (KHSV)

17. លោក​គេឌាន​ទូល​តប​ថា៖ «ប្រសិន​បើ​លោក​គាប់​ចិត្ត​ខ្ញុំ​ប្របាទ​មែន សូម​ផ្ដល់​ទី​សម្គាល់​មួយ​ឲ្យ​ខ្ញុំ​ប្របាទ​បាន​ដឹង​ថា លោក​ពិត​ជា​ព្រះ‌អម្ចាស់​ដែល​កំពុង​តែ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្របាទ​មែន!

18. សូម​លោក​ម្ចាស់​កុំ​អញ្ជើញ​ទៅ​ណា ចាំ​ខ្ញុំ​ប្របាទ​ត្រឡប់​មក​វិញ ទាំង​នាំ​យក​តង្វាយ​មក​ជូន​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ចាំ​នៅ​ទី​នេះ​រហូត​ដល់​អ្នក​ត្រឡប់​មក​វិញ»។

19. លោក​គេឌាន​ចូល​ទៅ​យក​កូន​ពពែ​មួយ​មក​រៀបចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំប៉័ង​ឥត​មេ។ លោក​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ទេវតា​របស់​ព្រះ‌អម្ចាស់ នៅ​ក្រោម​ដើម​ជ្រៃ។

20. ទេវតា​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំប៉័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។

21. ទេវតា​របស់​ព្រះ‌អម្ចាស់​យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំប៉័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំប៉័ង​អស់​ទៅ។ បន្ទាប់​មក ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​កំបាំង​បាត់​ទៅ។

22. ពេល​នោះ លោក​គេឌាន​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ លោក​ពោល​ថា៖ «វីវរ​ហើយ ព្រះ‌ជា‌អម្ចាស់​អើយ! ដ្បិត​ទូលបង្គំ​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អង្គ ផ្ទាល់​នឹង​ភ្នែក!»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «សុំ​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ»។

24. លោក​គេឌាន​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​នោះ ហើយ​ដាក់​ឈ្មោះ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត»។ អាសនៈ​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ នា​ភូមិ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។

25. នៅ​យប់​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​នៅ​ក្បែរ​នោះ​ផង។

26. បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សម‌រម្យ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញ‌បូជា ដោយ​យក​បង្គោល​ព្រះ‌អាសេ‌រ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សម្រាប់​ដុត»។

27. លោក​គេឌាន​នាំ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក ប៉ុន្តែ ដោយ​លោក​ខ្លាច​ក្រុម​ញាតិ​របស់​លោក និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។

28. លុះ​ព្រលឹម​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​ភូមិ​ឃើញ​អាសនៈ​របស់​ព្រះ​បាល​រលំ ហើយ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​ដែល​នៅ​ជិត​នោះ​ក៏​ត្រូវ​គេ​កាប់​ចោល​ដែរ ព្រម​ទាំង​ឃើញ​គោ​បា​ទី​ពីរ​ដែល​គេ​ដុត​ជា​យញ្ញ‌បូជា នៅ​លើ​អាសនៈ​ទើប​នឹង​សង់​ទៀត​ផង។

29. គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​បាន​ធ្វើ​ការ​នេះ?»។ កាល​ស៊ើប‌សួរ​ទៅ មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​របស់​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។

30. អ្នក​ភូមិ​ពោល​ទៅ​កាន់​លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។

31. លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បង‌ប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំនួស​ព្រះ​បាល? តើ​បង‌ប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​ឲ្យ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។

32. ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូ‌បាល» ដោយ​ពោល​ថា «សូម​ឲ្យ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 6