1. ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។
2. ជនជាតិម៉ាឌានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ជនជាតិអ៊ីស្រាអែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជម្រក ដើម្បីគេចខ្លួនពីជនជាតិម៉ាឌាន។
3. រាល់ពេលជនជាតិអ៊ីស្រាអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរមកពីស្រុកខាងកើត បានឡើងមកលុកលុយ។
4. អ្នកទាំងនោះបានមកបោះទ័ពនៅក្បែរជនជាតិអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជនជាតិអ៊ីស្រាអែលបរិភោគឡើយ ទោះបីចៀម គោ ឬលាក្ដី ក៏មិនទុកឲ្យសល់ដែរ។
5. ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។
6. ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរព្រះអម្ចាស់ឲ្យជួយសង្គ្រោះគេ។
7. នៅពេលជនជាតិអ៊ីស្រាអែលស្រែកអង្វរ សុំព្រះអម្ចាស់រំដោះគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន
8. ព្រះអង្គក៏ចាត់ព្យាការីមួយរូបឲ្យមកប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នាចេញពីកន្លែង ដែលអ្នករាល់គ្នាជាប់ជាទាសករ។