គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 4:16-24 Khmer Standard Version (KHSV)

16. លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចំបាំង និង​កង‌ទ័ព​ខ្មាំង រហូត​ដល់​ហារ៉ូ‌សេត‌កូយឹម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ី‌សេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។

17. រីឯ​លោក​ស៊ីសេ‌រ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។

18. ពេល​នោះ នាង​យ៉ាអែល​ចេញ​មក​ទទួល​លោក​ស៊ី‌សេ‌រ៉ា ទាំង​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ក្នុង​មក កុំ​ភ័យ​ខ្លាច​អី!»។ លោក​ស៊ីសេ‌រ៉ា​ក៏​ចូល​ទៅ​ក្នុង​តង់ត៍ ហើយ​នាង​នាំ​លោក​ទៅ​លាក់​នៅ​ក្នុង​ភួយ។

19. ខណៈ​នោះ លោក​ស៊ី‌សេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ី‌សេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។

20. លោក​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។

21. ដោយ​នឿយ‌ហត់​ខ្លាំង​ពេក លោក​ស៊ី‌សេ‌រ៉ា​ក៏​សម្រាន្ដ​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ី‌សេ‌រ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត‌ផ្កា​របស់​លោក​ស៊ី‌សេ‌រ៉ា ធ្លុះ​ដល់​ដី ហើយ​លោក​ក៏​ស្លាប់​ទៅ។

22. ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ី‌សេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ី‌សេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត‌ផ្កា។

23. ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​បំបាក់​មុខ​ព្រះ‌បាទ​យ៉ា‌ប៊ីន ជា​ស្ដេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។

24. ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​លើ​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្ដេច​យ៉ា‌ប៊ីន​បាន។

សូមអានជំពូកពេញលេញ ចៅហ្វាយ 4