គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 4:1-9 Khmer Standard Version (KHSV)

1. ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត។

2. ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។

3. ព្រះ‌បាទ​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់។

4. នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូរ៉ា ជា​ព្យាកា‌រិនី និង​ជា​ភរិយា​របស់​លោក​ឡាពី‌ដូត បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល។

5. លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្ដី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូរ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេត‌អែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូរ៉ា ឲ្យ​ជំនុំ​ជម្រះ​រឿង‌រ៉ាវ​របស់​ពួក​គេ។

6. ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។

7. យើង​នឹង​ទាក់‌ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្ដេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចំបាំង និង​កង‌ទ័ព​របស់​គេ ឲ្យ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។

8. លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។

9. លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចំបាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។

សូមអានជំពូកពេញលេញ ចៅហ្វាយ 4