គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 21:9-25 Khmer Standard Version (KHSV)

9. ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជា‌ជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។

10. ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។

11. ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។

12. ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

13. បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេន‌យ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រា‌អែល​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។

14. នៅ​គ្រា​នោះ ពួក​បេន‌យ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំ‌នៅ​របស់​គេ​វិញ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ ឲ្យ​ពួក​បេន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។

15. ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ណាស់ ព្រោះ​ព្រះ‌អម្ចាស់​បាន​បំបាត់​ពួក​គេ​ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល។

16. ពេល​នោះ អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ?

17. ពួក​បេន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រលាយ​សូន្យ​ឡើយ។

18. ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី‌ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​បេន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។

19. អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេត‌អែល នៅ​ខាង​ត្បូង​លេបូ‌ណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេត‌អែល​ទៅ​ស៊ីគែម)។

20. ពួក​គេ​បញ្ជា​កូន​ចៅ​បេន‌យ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ

21. ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។

22. ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​បេន‌យ៉ាមីន​ផង ពី‌ព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បង‌ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បង‌ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។

23. ពួក​បេន‌យ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។

24. ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ វិល​ត្រឡប់​ទៅ​រក​កុល‌សម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។

25. នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 21