គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:8-18 Khmer Standard Version (KHSV)

8. ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុង​ចំណោម​ពួក​យើង គ្មាន​នរណា​ម្នាក់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ជំរំ​ក្ដី ឬ​ក្នុង​ផ្ទះ​ក្ដី។

9. យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។

10. យើង​ត្រូវ​ជ្រើស​រើស​មនុស្ស​មួយ​ភាគ​ដប់​ពី​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​រក​ស្បៀង​អាហារ​សម្រាប់​ពល​ទ័ព ដែល​នឹង​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​នៅ​ក្រុង​គីបៀរ ដើម្បី​ដាក់​ទណ្ឌ‌កម្ម​ដល់​ពួក​គេ ចំពោះ​អំពើ​ដ៏​ថោក​ទាប ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រា‌អែល»។

11. ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបៀរ។

12. កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គ្រប់​អំបូរ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ឧក្រិដ្ឋ​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា?

13. ឥឡូវ​នេះ ចូរ​ប្រគល់​ជន​ពាល​ទាំង​នោះ​នៅ​គីបៀរ​មក យើង​នឹង​សម្លាប់​ពួក​គេ ដើម្បី​បោស​សម្អាត​អំពើ​អាក្រក់ ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល»។ ប៉ុន្តែ កូន​ចៅ​បេន‌យ៉ាមីន​មិន​ព្រម​ស្ដាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​ខ្លួន​ឡើយ។

14. កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

15. នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។

16. ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។

17. រីឯ​ទាហាន​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ក្រៅ​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​បួន​សែន​នាក់​ដែល​ប្រដាប់​ដោយ​ដាវ ហើយ​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​ដ៏​ស្ទាត់​ជំនាញ។

18. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត‌អែល ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេន‌យ៉ាមីន​មុន​គេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 20