គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:29-46 Khmer Standard Version (KHSV)

29. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

30. នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។

31. ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

32. កូន​ចៅ​បេន‌យ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់‌ទាញ​ពួក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង»។

33. បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ចេញ​ពី​កន្លែង​រៀងៗ​ខ្លួន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​បាល-‌តាម៉ារ រីឯ​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ត្រង់​វាល​ទំនាប​គីបៀរ​មក​ដែរ។

34. ទាហាន​ដ៏​ចំណានៗ​ចំនួន​មួយ​ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបៀរ។ ពេល​នោះ ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្ដើម​ឡើង ប៉ុន្តែ ពួក​បេន‌យ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្ត‌រាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។

35. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​បេន‌យ៉ាមីន​បាក់​ទ័ព ហើយ​នៅ​ថ្ងៃ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​ទាហាន​បេន‌យ៉ាមីន ដែល​ប្រដាប់​ដោយ​ដាវ អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់។

36. ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរា‌គមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

37. ទ័ព​ឆ្មក់​វាយ​សម្រុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។

38. កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង

39. កង‌ទ័ព​ដែល​រត់​នៅ​មុខ​កង‌ទ័ព​បេន‌យ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កង‌ទ័ព​បេន‌យ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ប្រមាណ​ជា​សាម‌សិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។

40. ពេល​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ខ្មួល‌ខ្មាញ់​ពី​ទីក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ក្រឡេក​មើល​ក្រោយ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ​ចេញ​ពី​ទីក្រុង​ទាំង​មូល។

41. កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​បក​ក្រោយ ធ្វើ​ឲ្យ​កង‌ទ័ព​បេន‌យ៉ាមីន​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្ត‌រាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។

42. ពួក​គេ​បែរ​ក្រោយ​រត់​គេច​ពី​កង‌ទ័ព​អ៊ីស្រា‌អែល សំដៅ​ទៅ​វាល​រហោ‌ស្ថាន ប៉ុន្តែ កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។

43. កង‌ទ័ព​អ៊ីស្រា‌អែល​ឡោម‌ព័ទ្ធ​ទ័ព​បេន‌យ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបៀរ មិន​ទុក​ឱកាស​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ។

44. ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។

45. ក្នុង​ចំណោម​ទាហាន​បេន‌យ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គី‌ដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។

46. នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។

សូមអានជំពូកពេញលេញ ចៅហ្វាយ 20