គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 20:24-39 Khmer Standard Version (KHSV)

24. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​លុក​កូន​ចៅ​បេន‌យ៉ាមីន​សា​ជា​ថ្មី។

25. នៅ​ថ្ងៃ​ទី​ពីរ​នេះ កូន​ចៅ​បេន‌យ៉ាមីន​ចេញ​ពី​ក្រុង​គីបៀរ មក​វាយ​ពល​ទាហាន​អ៊ីស្រា‌អែល ហើយ​ប្រហារ​ជីវិត​ពួក​គេ​នៅ​លើ​សមរ‌ភូមិ​នោះ អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ប្រដាប់​ដោយ​ដាវ។

26. ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេត‌អែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព*​ចំពោះ​ព្រះ‌អម្ចាស់។

27. ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​បេត‌អែល

28. ហើយ​មាន​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បម្រើ​ព្រះ‌អង្គ​នៅ​ទី​នោះ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

29. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

30. នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។

31. ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

32. កូន​ចៅ​បេន‌យ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់‌ទាញ​ពួក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង»។

33. បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​បាន​ចេញ​ពី​កន្លែង​រៀងៗ​ខ្លួន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​បាល-‌តាម៉ារ រីឯ​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ត្រង់​វាល​ទំនាប​គីបៀរ​មក​ដែរ។

34. ទាហាន​ដ៏​ចំណានៗ​ចំនួន​មួយ​ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបៀរ។ ពេល​នោះ ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្ដើម​ឡើង ប៉ុន្តែ ពួក​បេន‌យ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្ត‌រាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។

35. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​បេន‌យ៉ាមីន​បាក់​ទ័ព ហើយ​នៅ​ថ្ងៃ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​ទាហាន​បេន‌យ៉ាមីន ដែល​ប្រដាប់​ដោយ​ដាវ អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់។

36. ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរា‌គមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំ‌វិញ​ក្រុង​គីបៀរ។

37. ទ័ព​ឆ្មក់​វាយ​សម្រុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។

38. កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង

39. កង‌ទ័ព​ដែល​រត់​នៅ​មុខ​កង‌ទ័ព​បេន‌យ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កង‌ទ័ព​បេន‌យ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ប្រមាណ​ជា​សាម‌សិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 20