8. លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានទទួលមរណភាព ក្នុងជន្មាយុមួយរយដប់ឆ្នាំ។
9. គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។
10. មនុស្សជំនាន់នោះក៏ទៅជួបជុំនឹងដូនតារបស់គេ ដែលចែកស្ថានទៅហើយ ហើយមានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ព្រះអម្ចាស់ ហើយក៏មិនស្គាល់ស្នាព្រះហស្ដ ដែលព្រះអង្គបានធ្វើចំពោះអ៊ីស្រាអែលដែរ។
11. ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយនាំគ្នាគោរពបម្រើព្រះបាល។
12. ពួកគេបានបោះបង់ចោលព្រះជាអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
13. ពួកគេបានបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះបាល និងព្រះអាសថារ៉ូតវិញ។