គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 2:4-14 Khmer Standard Version (KHSV)

4. នៅ​ពេល​ឮ​ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​ទ្រហោ​យំ។

5. គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម ហើយ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។

6. លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​វិញ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។

7. ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះ‌អង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្ដុង្គ‌ឧត្ដម ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។

8. លោក​យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។

9. គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ធីមណាត-‌ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​អាកាស។

10. មនុស្ស​ជំនាន់​នោះ​ក៏​ទៅ​ជួប‌ជុំ​នឹង​ដូនតា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រា‌អែល​ដែរ។

11. ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល។

12. ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជា‌ជន​ដែល​រស់​នៅ​ជុំ‌វិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។

13. ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។

14. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ព្រះ‌អង្គ​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 2