គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 2:16-23 Khmer Standard Version (KHSV)

16. គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ពួក​ចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។

17. ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​ចៅហ្វាយ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដូច​ពួក​បុព្វបុរស​ទេ។

18. ពេល​ព្រះ‌អម្ចាស់​តែង‌តាំង​ចៅហ្វាយ​ណា​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​គេ ព្រះ‌អង្គ​គង់​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ព្រះ‌អម្ចាស់​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន និង​ធ្វើ​បាប។

19. លុះ​ចៅហ្វាយ​នោះ​ទទួល​មរណ‌ភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះ‌បង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។

20. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជាតិ​នេះ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វបុរស​របស់​គេ ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ

21. ដូច្នេះ យើង​ក៏​នឹង​មិន​បណ្ដេញ​ប្រជា‌ជាតិ​ណា​មួយ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​យ៉ូស្វេ​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ​ដែរ។

22. យើង​នឹង​ប្រើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​អ៊ីស្រា‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង ដូច​បុព្វបុរស​របស់​គេ​ឬ​យ៉ាង​ណា»។

23. ព្រះ‌អម្ចាស់​ទុក​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អង្គ​មិន​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​យ៉ូស្វេ ឲ្យ​រស់​នៅ​ក្នុង​ស្រុក​ត​ទៅ​មុខ​ទៀត គឺ​ព្រះ‌អង្គ​មិន​ប្រញាប់​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ឡើយ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 2