គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 19:16-26 Khmer Standard Version (KHSV)

16. ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបៀរ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

17. ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។

18. បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះ‌អម្ចាស់​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

19. យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សម្រាប់​សត្វ​លា ព្រម​ទាំង​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ និង​អ្នក​បម្រើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។

20. លោក​តា​ក៏​ពោល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ទទួល​ស្វា‌គមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សម្រាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។

21. លោក​តា​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​ស្មៅ​ឲ្យ​សត្វ​លា​ស៊ី​ទៀត​ផង។ អ្នក​ដំណើរ​នាំ​គ្នា​លាង​ជើង រួច​ក៏​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។

22. ក្នុង​ពេល​ពួក​គេ​កំពុង​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោម‌ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំងៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។

23. លោក​តា​ម្ចាស់​ផ្ទះ​ក៏​ចេញ​មក ហើយ​ពោល​ទៅ​កាន់​ជន​ពាល​ថា៖ «ទេ! បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ​អី! សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ឲ្យ​សោះ ព្រោះ​បុរស​នេះ​ជា​ភ្ញៀវ​របស់​ខ្ញុំ។

24. មើល៍​ខ្ញុំ​មាន​កូន​ស្រី​នៅ​ក្រមុំ​ព្រហ្មចារី​នៅ​ឡើយ ហើយ​អ្នក​នោះ​ក៏​មាន​ប្រពន្ធ​ចុង​របស់​គាត់ មក​ជា​មួយ​ដែរ។ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក ហើយ​បង‌ប្អូន​អាច​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​បង‌ប្អូន​ចុះ តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​បុរស​នេះ​ឡើយ»។

25. ប៉ុន្តែ ជន​ពាល​ទាំង​នោះ​ពុំ​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​លោក​តា​ទេ។ ដូច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក​ក្រៅ ប្រគល់​ទៅ​ឲ្យ​ពួក​វា។ ពួក​វា​នាំ​គ្នា​រំលោភ​លើ​នាង ហើយ​ធ្វើ​បាប​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែ​ជិត​ភ្លឺ ទើប​លែង​នាង​មក​វិញ។

26. ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 19