គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 19:11-22 Khmer Standard Version (KHSV)

11. ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សម្រាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។

12. ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​ឡើយ យើង​ទៅ​សម្រាក​នៅ​ក្រុង​គីបៀរ​វិញ»។

13. គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបៀរ ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។

14. ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបៀរ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។

15. គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​នោះ រក​កន្លែង​សម្រាក។ ពួក​គេ​អង្គុយ​នៅ​តាម​ផ្លូវ ព្រោះ​គ្មាន​នរណា​ម្នាក់​មក​អញ្ជើញ​ពួក​គេ​ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​ខ្លួន​ឡើយ។

16. ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបៀរ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

17. ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។

18. បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះ‌អម្ចាស់​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។

19. យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សម្រាប់​សត្វ​លា ព្រម​ទាំង​នំប៉័ង និង​ស្រា​ទំពាំង‌បាយជូរ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ និង​អ្នក​បម្រើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។

20. លោក​តា​ក៏​ពោល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ទទួល​ស្វា‌គមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សម្រាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។

21. លោក​តា​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​ស្មៅ​ឲ្យ​សត្វ​លា​ស៊ី​ទៀត​ផង។ អ្នក​ដំណើរ​នាំ​គ្នា​លាង​ជើង រួច​ក៏​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។

22. ក្នុង​ពេល​ពួក​គេ​កំពុង​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោម‌ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំងៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 19