គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 19:1-14 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ។ មាន​បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​លេវី រស់​នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ គាត់​បាន​យក​ស្ត្រី​ម្នាក់​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា មក​ធ្វើ​ជា​ប្រពន្ធ​ចុង។

2. ប៉ុន្តែ នាង​បាន​ក្បត់​ចិត្ត​ប្ដី ហើយ​ចាក​ចេញ​ពី​ប្ដី​ត្រឡប់​ទៅ​នៅ​ផ្ទះ​របស់​ឪពុក​នាង នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា​វិញ។ នាង​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។

3. ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួង‌លោម​នាង​ឲ្យ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បម្រើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។

4. ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា ឲ្យ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា ព្រម​ទាំង​សម្រាន្ដ​នៅ​ទី​នោះ។

5. នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដំណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។

6. ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​មក ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «សុំ​កូន​សម្រាក​លេង​នៅ​ទី​នេះ​មួយ​យប់​ទៀត​សិន​ទៅ»។

7. បុរស​លេវី​ក្រោក​ឡើង ចង់​ចេញ​ដំណើរ ដោយ​ឪពុក​ក្មេក​ចេះ​តែ​ទទូច​អង្វរ​ពេក គាត់​ក៏​យល់​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។

8. នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។

9. នៅ​ពេល​ដែល​បុរស​លេវី​ចង់​ចេញ​ដំណើរ​ទៅ​ជា​មួយ​ប្រពន្ធ​ចុង និង​អ្នក​បម្រើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ​ជ្រុល​ពេល​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​លិច​ដែរ ចូរ​នាំ​គ្នា​សម្រាក​លេង​ទី​នេះ​ទៅ។ ចាំ​ស្អែក សឹម​ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ​ចុះ»។

10. ប៉ុន្តែ​ម្ដង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​ចង​កែប​រួច​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេ‌ប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម។

11. ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សម្រាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។

12. ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​ឡើយ យើង​ទៅ​សម្រាក​នៅ​ក្រុង​គីបៀរ​វិញ»។

13. គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបៀរ ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។

14. ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបៀរ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 19