គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 18:27-31 Khmer Standard Version (KHSV)

27. ក្រោយ​ពី​ដណ្ដើម​យក​របស់​ដែល​លោក​មីកា​បាន​ធ្វើ និង​នាំ​បូជា‌ចារ្យ​របស់​គាត់​មក​ជា​មួយ កូន​ចៅ​ដាន់​ក៏​ទៅ​វាយ​លុក​ក្រុង​ឡាអ៊ីស សម្លាប់​រង្គាល​ប្រជា‌ជន​ដែល​កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ព្រម​ទាំង​ដុត​ទីក្រុង​ចោល​ថែម​ទៀត​ផង។

28. ឡាអ៊ីស​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​បេត-‌រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់‌ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទីក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ​ទៅ។

29. ពួក​គេ​ប្ដូរ​ឈ្មោះ​ក្រុង​ឡាអ៊ីស ដែល​គេ​ធ្លាប់​ហៅ​ពី​មុន​នោះ​ដាក់​ថា «ក្រុង​ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។

30. កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សម្រាប់​ថ្វាយ‌បង្គំ ហើយ​តែង‌តាំង​លោក​យ៉ូណា‌ថាន ជា​កូន​លោក​គែរ‌សូម ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ ពូជ‌ពង្ស​របស់​លោក​យ៉ូណា‌ថាន​បាន​បន្ត​តំណែង​បូជា‌ចារ្យ រហូត​ដល់​ជំនាន់​ដែល​ប្រជា‌ជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក។

31. ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ស៊ីឡូ ក៏​ពួក​គេ​នៅ​តែ​រក្សា​ទុក​រូប​ព្រះ​របស់​លោក​មីកា​ជា​រៀង​រហូត។

សូមអានជំពូកពេញលេញ ចៅហ្វាយ 18