16. ក្នុងពេលជាមួយគ្នានោះ កូនចៅដាន់ទាំងប្រាំមួយរយនាក់ ដែលប្រដាប់អាវុធ ក៏ឈរនៅមាត់ច្រកចូលទៅផ្ទះដែរ។
17. បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍ នាំគ្នាចូលទៅក្នុងផ្ទះ យករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ធ្វើពីប្រាក់ទៀតផង។ ពេលនោះ បូជាចារ្យឈរនៅមាត់ច្រកជាមួយទាហានទាំងប្រាំមួយរយនាក់។
18. ដោយឃើញអ្នកទាំងប្រាំចូលទៅក្នុងផ្ទះលោកមីកា យករូបព្រះ រូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបសំណាកធ្វើពីប្រាក់ដូច្នេះ បូជាចារ្យក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាធ្វើអ្វីហ្នឹង?»។
19. ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀម កុំមាត់កអី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល?»។
20. បូជាចារ្យមានចិត្តត្រេកអរជាខ្លាំងចំពោះសំណូមពរនេះ គាត់យករូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបព្រះ រួចចូលទៅក្នុងចំណោមកងទ័ព។
21. ពួកគេបន្តដំណើរទៅមុខទៀត ដោយឲ្យក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់គេទៅមុន។
22. លុះពួកគេចាកចេញពីផ្ទះលោកមីកាទៅបានឆ្ងាយបន្តិច ទើបលោកមីកា និងអ្នកជិតខាងប្រមូលគ្នាដេញតាម។
23. ពេលនោះ ពួកលោកមីកាស្រែកហៅកូនចៅដាន់ ពួកគេក៏បែរក្រោយ ហើយសួរលោកមីកាថា៖ «តើមានការអី បានជាប្រមូលគ្នាមកដូច្នេះ?»។
24. លោកមីកាឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាលួចយកព្រះទាំងឡាយដែលខ្ញុំបានធ្វើ ថែមទាំងនាំបូជាចារ្យរបស់ខ្ញុំមកផង គឺគ្មានទុកអ្វីឲ្យនៅសល់សោះ ហើយអ្នករាល់គ្នាហ៊ានសួរខ្ញុំថាមានការអ្វីទៀតឬ?»។