គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 18:14-26 Khmer Standard Version (KHSV)

14. ពេល​នោះ បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើប‌ការណ៍​នៅ​ទឹក​ដី​ឡាអ៊ីស និយាយ​ទៅ​កាន់​បង‌ប្អូន​របស់​ខ្លួន​ថា៖ «បង‌ប្អូន​ដឹង​ទេ ក្នុង​ចំណោម​ផ្ទះ​ទាំង​នេះ មាន​ផ្ទះ​មួយ​ដែល​មាន​រូប​បដិមា និង​រូប​ចម្លាក់​ជា​ច្រើន ព្រម​ទាំង​រូប​ព្រះ​មួយ និង​រូប​សំណាក​មួយ​ទៀត​ធ្វើ​ពី​ប្រាក់។ ដូច្នេះ បង‌ប្អូន​ដឹង​ហើយ​ថា ត្រូវ​ធ្វើ​យ៉ាង​ណា»។

15. បន្ទាប់​មក បុរស​ទាំង​ប្រាំ​ក៏​ដើរ​តម្រង់​ទៅ​ផ្ទះ​លោក​មីកា ហើយ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​យុវ‌បុរស​លេវី ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។

16. ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កូន​ចៅ​ដាន់​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​ប្រដាប់​អាវុធ ក៏​ឈរ​នៅ​មាត់​ច្រក​ចូល​ទៅ​ផ្ទះ​ដែរ។

17. បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើប‌ការណ៍ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ យក​រូប​សំណាក រូប​បដិមា និង​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​រូប​ចម្លាក់​ធ្វើ​ពី​ប្រាក់​ទៀត​ផង។ ពេល​នោះ បូជា‌ចារ្យ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់។

18. ដោយ​ឃើញ​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជា‌ចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។

19. ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​ឲ្យ​ស្ងៀម កុំ​មាត់​ក​អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​ពូជ​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល?»។

20. បូជា‌ចារ្យ​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង​ចំពោះ​សំណូម​ពរ​នេះ គាត់​យក​រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​ព្រះ រួច​ចូល​ទៅ​ក្នុង​ចំណោម​កង‌ទ័ព។

21. ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ឲ្យ​ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ​របស់​គេ​ទៅ​មុន។

22. លុះ​ពួក​គេ​ចាក​ចេញ​ពី​ផ្ទះ​លោក​មីកា​ទៅ​បាន​ឆ្ងាយ​បន្តិច ទើប​លោក​មីកា និង​អ្នក​ជិត​ខាង​ប្រមូល​គ្នា​ដេញ​តាម។

23. ពេល​នោះ ពួក​លោក​មីកា​ស្រែក​ហៅ​កូន​ចៅ​ដាន់ ពួក​គេ​ក៏​បែរ​ក្រោយ ហើយ​សួរ​លោក​មីកា​ថា៖ «តើ​មាន​ការ​អី បាន​ជា​ប្រមូល​គ្នា​មក​ដូច្នេះ?»។

24. លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា​មាន​ការ​អ្វី​ទៀត​ឬ?»។

25. កូន​ចៅ​ដាន់​នាំ​គ្នា​តប​ទៅ​គាត់​វិញ​ថា៖ «កុំ​មក​តវ៉ា​ជា​មួយ​យើង ក្រែង​លោ​មាន​គ្នា​យើង​ខ្លះ​ក្ដៅ​ក្រហាយ ហើយ​វាយ​ប្រហារ​អ្នក ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ត្រូវ​វិនាស»។

26. បន្ទាប់​មក ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដោយ​លោក​មីកា​ឃើញ​ថា​ពួក​គេ​ខ្លាំង​ពូកែ​ជាង នោះ​គាត់​ក៏​បក​ក្រោយ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 18