គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 18:1-16 Khmer Standard Version (KHSV)

1. នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ។ នៅ​គ្រា​ដដែល​នោះ កុល‌សម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី​មួយ​កន្លែង​សម្រាប់​ពួក​គេ ដ្បិត​កុល‌សម្ព័ន្ធ​នេះ​ពុំ​ទាន់​មាន​ទឹក​ដី ដូច​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។

2. ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​ពេល​យប់ ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។

3. នៅ​ទី​នោះ ពួក​គេ​បាន​ឮ​សំនៀង​របស់​យុវ‌បុរស ហើយ​ដឹង​ថា​គាត់​ជា​ពួក​លេវី ក៏​នាំ​គ្នា​ចូល​ទៅ​និយាយ​ជា​មួយ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​លោក​មក​ទី​នេះ? តើ​លោក​មក​ធ្វើ​អ្វី​នៅ​កន្លែង​នេះ? ហេតុ​អ្វី​បាន​ជា​លោក​នៅ​ទី​នេះ?»។

4. គាត់​ឆ្លើយ​ថា៖ «លោក​មីកា​បាន​ជួយ​ឧបត្ថម្ភ​ខ្ញុំ គឺ​គាត់​ឲ្យ​ប្រាក់​ខែ​ខ្ញុំ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​បូជា‌ចារ្យ​របស់​គាត់»។

5. ពួក​គេ​ពោល​ថា៖ «បើ​ដូច្នេះ សូម​ទូល​សួរ​ព្រះ‌ជាម្ចាស់​មើល ដ្បិត​យើង​ចង់​ដឹង​ថា ដំណើរ​ដែល​យើង​បាន​ផ្ដើម​ធ្វើ​នេះ​នឹង​ទទួល​លទ្ធ‌ផល​យ៉ាង​ណា?»។

6. បូជា‌ចារ្យ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «កុំ​ភ័យ​បារម្ភ​អី! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អស់​លោក ក្នុង​ដំណើរ​របស់​អស់​លោក​ហើយ»។

7. អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ ពួក​គេ​ឃើញ​ប្រជា‌ជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះ‌ជាន់​សង្កត់‌សង្កិន​ដែរ។ ប៉ុន្តែ ប្រជា‌ជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់‌ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។

8. អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​សូរ៉ាស់ និង​អែស‌ថោល​វិញ ហើយ​បង‌ប្អូន​របស់​គេ​សាក​សួរ​ថា ដំណើរ​របស់​គេ​បាន​ផល​អ្វី​ខ្លះ។

9. ពួក​គេ​តប​វិញ​ថា៖ «មក! ចូរ​យើង​លើក​ទ័ព​ទៅ​វាយ​យក​ស្រុក​ឡាអ៊ីស ព្រោះ​យើង​បាន​ពិនិត្យ​ឃើញ​ថា​ជា​ទឹក​ដី​ល្អ​បំផុត។ ដូច្នេះ មិន​ត្រូវ​បង្អែ‌បង្អង់​ឡើយ ចូរ​ប្រញាប់​ចេញ​ទៅ​វាយ​ដណ្ដើម​យក​ទឹក​ដី​នោះ។

10. ពេល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ប្រជា‌ជន​មួយ​ក្រុម​រស់​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ​ណាស់ ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ឥត​ខ្វះ​អ្វី​ឡើយ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា​ហើយ»។

11. ដូច្នេះ មនុស្ស​ប្រាំ​មួយ​រយ​នាក់​នៃ​កុល‌សម្ព័ន្ធ​ដាន់​ក៏​នាំ​គ្នា​ប្រដាប់​អាវុធ​ចាក​ចេញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល។

12. ពួក​គេ​ទៅ​បោះ​ទ័ព​នៅ​ខាង​លិច​គារី‌យ៉ាត-‌យារីម ក្នុង​ស្រុក​យូដា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា “ជំរំ​ដាន់” រហូត​ដល់​សព្វ​ថ្ងៃ។

13. ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​រហូត​ដល់​ផ្ទះ​លោក​មីកា។

14. ពេល​នោះ បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើប‌ការណ៍​នៅ​ទឹក​ដី​ឡាអ៊ីស និយាយ​ទៅ​កាន់​បង‌ប្អូន​របស់​ខ្លួន​ថា៖ «បង‌ប្អូន​ដឹង​ទេ ក្នុង​ចំណោម​ផ្ទះ​ទាំង​នេះ មាន​ផ្ទះ​មួយ​ដែល​មាន​រូប​បដិមា និង​រូប​ចម្លាក់​ជា​ច្រើន ព្រម​ទាំង​រូប​ព្រះ​មួយ និង​រូប​សំណាក​មួយ​ទៀត​ធ្វើ​ពី​ប្រាក់។ ដូច្នេះ បង‌ប្អូន​ដឹង​ហើយ​ថា ត្រូវ​ធ្វើ​យ៉ាង​ណា»។

15. បន្ទាប់​មក បុរស​ទាំង​ប្រាំ​ក៏​ដើរ​តម្រង់​ទៅ​ផ្ទះ​លោក​មីកា ហើយ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​យុវ‌បុរស​លេវី ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។

16. ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កូន​ចៅ​ដាន់​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​ប្រដាប់​អាវុធ ក៏​ឈរ​នៅ​មាត់​ច្រក​ចូល​ទៅ​ផ្ទះ​ដែរ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 18