គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:5-22 Khmer Standard Version (KHSV)

5. ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​នាំ​គ្នា​ទៅ​និយាយ​នឹង​នាង​ដេលីឡា​ថា៖ «ចូរ​នាង​លួង‌លោម​សាំសុន ដើម្បី​ឲ្យ​ដឹង​ថា គាត់​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា​នេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​អាច​ឈ្នះ​គាត់​បាន? យើង​នឹង​ចាប់​ចង បង្ក្រាប​គាត់ រួច​ហើយ​យើង​នឹង​ឲ្យ​ប្រាក់​នាង​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។

6. ពេល​នោះ នាង​ដេលីឡា​សួរ​លោក​សាំសុន​ថា៖ «បង​អើយ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នេះ​មក​ពី​ណា? តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អាច​ចាប់​ចង​បង្ក្រាប​បង​បាន?»។

7. លោក​សាំសុន​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ខ្សែ‌ពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត​នៅ​ឡើយ ចំនួន​ប្រាំ‌ពីរ​ចង្វាយ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។

8. ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​យក​ខ្សែ‌ពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត ចំនួន​ប្រាំ‌ពីរ​ចង្វាយ​មក​ឲ្យ​នាង​ដេលីឡា ហើយ​នាង​ក៏​យក​ទៅ​ចង​លោក​សាំសុន។

9. នាង​បាន​ឲ្យ​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ក៏​បណ្ដាច់​ពួរ​នោះ​ចេញ​អស់ ដូច​ខ្សែ​អំបោះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ដូច្នេះ គេ​នៅ​តែ​ពុំ​ដឹង​អាថ៌‌កំបាំង​នៃ​កម្លាំង​របស់​លោក​ដដែល។

10. នាង​ដេលីឡា​ក៏​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «បង​បាន​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ចង​បង​បាន?»។

11. លោក​សាំសុន​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ពួរ​ថ្មី ដែល​មិន​ទាន់​ប្រើ​មក​ចង​បង​នោះ បង​នឹង​ទៅ​ជា​មនុស្ស​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។

12. នាង​ដេលីឡា​ក៏​ប្រើ​ពួរ​ថ្មី ដើម្បី​ចង​លោក​សាំសុន រួច​នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ»។ ពេល​នោះ ក៏​មាន​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដែរ ប៉ុន្តែ លោក​សាំសុន​ផ្ដាច់​ពួរ​ដែល​ចង​ដៃ​លោក ដូច​គេ​ផ្ដាច់​ខ្សែ​អំបោះ។

13. នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «រហូត​មក​ទល់​ពេល​នេះ បង​ចេះ​តែ​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​បាន?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​បង​ប្រាំ‌ពីរ​កំរង​ភ្ជាប់​នឹង​កី‌តម្បាញ បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​ជា​មនុស្ស​ឯ​ទៀតៗ​ដែរ»។

14. នាង​ដេលីឡា​ក៏​ធ្វើ​ឲ្យ​លោក​សាំសុន​សម្រាន្ដ​លក់ រួច​នាង​ក្រង​សក់​លោក​ជា​ប្រាំ‌ពីរ​កំរង​ភ្ជាប់​នឹង​កី‌តម្បាញ ហើយ​បោះ‌ស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ឡើង ហើយ​កន្ត្រាក់​របើក​ទាំង​ស្នឹង ទាំង​កី‌តម្បាញ​ទៀត​ផង។

15. នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​ថា៖ «តើ​បង​អាច​អះ‌អាង​ថា បង​ស្រឡាញ់​ខ្ញុំ​ដូច​ម្ដេច​កើត បើ​បង​មិន​ទុក​ចិត្ត​ខ្ញុំ​សោះ​នោះ? មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ​បី​ដង​ហើយ គឺ​បង​មិន​ព្រម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នោះ​មក​ពី​ណា​ឡើយ»។

16. ដោយ​នាង​ដេលីឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំសុន​ក៏​ធុញ‌ថប់​ស្ទើរ​ស្លាប់

17. ហើយ​រៀប​រាប់​អាថ៌‌កំបាំង​របស់​លោក​ប្រាប់​នាង​ថា៖ «សក់​បង​មិន​ត្រូវ​កាត់ ឬ​កោរ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​បង ទុក​ជា​ពួក​ណា‌សា‌រីត* តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ។ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​បាត់​បង់ ហើយ​ខ្លួន​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។

18. នាង​ដេលីឡា​ដឹង​ថា លោក​បាន​ប្រាប់​អាថ៌‌កំបាំង​ដល់​នាង​ហើយ នាង​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ថា៖ «សូម​អស់​លោក​អញ្ជើញ​មក​ចុះ ព្រោះ​លើក​នេះ សាំសុន​ទម្លាយ​អាថ៌‌កំបាំង​ឲ្យ​ខ្ញុំ​ដឹង​ហើយ»។ ពួក​ស្ដេច​ត្រាញ់​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​នាង ដោយ​នាំ​យក​ប្រាក់​ទៅ​ជា​មួយ​ផង។

19. នាង​ដេលីឡា​បាន​ឲ្យ​លោក​សាំសុន​កើយ​ភ្លៅ​នាង រហូត​ដល់​លក់ រួច​ហៅ​មនុស្ស​ម្នាក់​មក​កោរ​កំរង​សក់​ទាំង​ប្រាំ‌ពីរ​របស់​លោក លោក​ចាប់​ផ្ដើម​ខ្សោយ។ កម្លាំង​ក៏​ថយ​ចេញ​ពី​ខ្លួន​លោក​ទៅ។

20. នាង​ដេលីឡា​ពោល​ទៅ​លោក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​គិត​ថា លោក​នឹង​រំដោះ​ខ្លួន​រួច ដូច​សព្វ​មួយ​ដង ព្រោះ​លោក​ពុំ​បាន​ដឹង​ថា​ព្រះ‌អម្ចាស់​ថយ​ចេញ​ពី​លោក​នោះ​ទេ។

21. ពួក​ភីលីស្ទីន​ចូល​ទៅ​ចាប់​លោក ហើយ​ខ្វេះ​ភ្នែក​លោក​ទាំង​ពីរ​ទៀត​ផង។ ពួក​គេ​នាំ​លោក​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ដាក់​លោក និង​បង្ខំ​លោក​ឲ្យ​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។

22. ប៉ុន្តែ​ក្រោយ​មក សក់​របស់​លោក​ដែល​គេ​បាន​កោរ ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 16