គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:22-31 Khmer Standard Version (KHSV)

22. ប៉ុន្តែ​ក្រោយ​មក សក់​របស់​លោក​ដែល​គេ​បាន​កោរ ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។

23. ថ្ងៃ​មួយ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជំនះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។

24. ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជា‌ជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជា‌ជន​យើង​អស់​ជា​ច្រើន​ផង»។

25. ក្នុង​ពេល​ពួក​គេ​កំពុង​តែ​សប្បាយ​យ៉ាង​ខ្លាំង​នោះ គេ​ក៏​និយាយ​ថា៖ «ចូរ​ហៅ​សាំសុន​មក​ឲ្យ​វា​ឡក​កំប្លែង​ឲ្យ​យើង​មើល»។ ពួក​គេ​អូស​លោក​សាំសុន​ចេញ​ពី​គុក ដើម្បី​ឡក​ឲ្យ​ពួក​គេ​មើល។ ពួក​គេ​ដាក់​លោក​នៅ​ចន្លោះ​សសរ​វិហារ។

26. លោក​សាំសុន​ពោល​ទៅ​ក្មេង​ដែល​ដឹក​ដៃ​លោក​ថា៖ «សូម​នាំ​ខ្ញុំ​ទៅ​ជិត​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្អែក​ខ្លួន​នៅ​លើ​សសរ​នោះ​ផង»។

27. ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​វិហារ។ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ក៏​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ប្រមាណ​បី‌ពាន់​នាក់​ទៀត​ឈរ​នៅ​លើ​ខឿន ដើម្បី​មើល​លោក​សាំសុន​ឡក។

28. លោក​សាំសុន​អង្វរ​រក​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូលបង្គំ​ឡើយ! ព្រះ‌ជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ​ម្ដង​នេះ​ទៀត​ចុះ គឺ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក សូម​ឲ្យ​ទូលបង្គំ​អាច​សង‌សឹក​ពួក​ភីលីស្ទីន ចំពោះ​ភ្នែក​ទាំង​ពីរ​ដែល​គេ​បាន​ខ្វេះ​នោះ​ផង!»។

29. បន្ទាប់​មក លោក​សាំសុន​ស្ទាប​សសរ​កន្លោង​ទាំង​ពីរ​ដែល​ទ្រ​វិហារ លោក​សង្កត់​ដៃ​ស្ដាំ​របស់​លោក​ទៅ​លើ​សសរ​មួយ ហើយ​ដៃ​ឆ្វេង​ទៅ​លើ​សសរ​មួយ​ទៀត

30. រួច​លោក​ស្រែក​ថា៖ «សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលីស្ទីន​ចុះ!»។ លោក​បញ្ចេញ​កម្លាំង​ច្រាន​សសរ​អស់​ទំហឹង ហើយ​វិហារ​ក៏​រលំ​លើ​ពួក​ស្ដេច​ត្រាញ់ និង​ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ។ អស់​អ្នក​ដែល​ស្លាប់​ជា​មួយ​លោក​មាន​ចំនួន​ច្រើន​ជាង​អ្នក ដែល​លោក​បាន​សម្លាប់​កាល​ពី​នៅ​មាន​ជីវិត​ទៅ​ទៀត។

31. បង‌ប្អូន និង​គ្រួសារ​លោក​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាក‌សព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូអា ជា​ឪពុក ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូហារ និង​អេស‌ថោល។ លោក​សាំសុន​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 16