គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 16:19-25 Khmer Standard Version (KHSV)

19. នាង​ដេលីឡា​បាន​ឲ្យ​លោក​សាំសុន​កើយ​ភ្លៅ​នាង រហូត​ដល់​លក់ រួច​ហៅ​មនុស្ស​ម្នាក់​មក​កោរ​កំរង​សក់​ទាំង​ប្រាំ‌ពីរ​របស់​លោក លោក​ចាប់​ផ្ដើម​ខ្សោយ។ កម្លាំង​ក៏​ថយ​ចេញ​ពី​ខ្លួន​លោក​ទៅ។

20. នាង​ដេលីឡា​ពោល​ទៅ​លោក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​គិត​ថា លោក​នឹង​រំដោះ​ខ្លួន​រួច ដូច​សព្វ​មួយ​ដង ព្រោះ​លោក​ពុំ​បាន​ដឹង​ថា​ព្រះ‌អម្ចាស់​ថយ​ចេញ​ពី​លោក​នោះ​ទេ។

21. ពួក​ភីលីស្ទីន​ចូល​ទៅ​ចាប់​លោក ហើយ​ខ្វេះ​ភ្នែក​លោក​ទាំង​ពីរ​ទៀត​ផង។ ពួក​គេ​នាំ​លោក​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ដាក់​លោក និង​បង្ខំ​លោក​ឲ្យ​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។

22. ប៉ុន្តែ​ក្រោយ​មក សក់​របស់​លោក​ដែល​គេ​បាន​កោរ ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។

23. ថ្ងៃ​មួយ ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជំនះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌ដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។

24. ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជា‌ជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជា‌ជន​យើង​អស់​ជា​ច្រើន​ផង»។

25. ក្នុង​ពេល​ពួក​គេ​កំពុង​តែ​សប្បាយ​យ៉ាង​ខ្លាំង​នោះ គេ​ក៏​និយាយ​ថា៖ «ចូរ​ហៅ​សាំសុន​មក​ឲ្យ​វា​ឡក​កំប្លែង​ឲ្យ​យើង​មើល»។ ពួក​គេ​អូស​លោក​សាំសុន​ចេញ​ពី​គុក ដើម្បី​ឡក​ឲ្យ​ពួក​គេ​មើល។ ពួក​គេ​ដាក់​លោក​នៅ​ចន្លោះ​សសរ​វិហារ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 16