1. ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងធីមណា នៅទីនោះ លោកបានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។
2. ពេលត្រឡប់មកដល់ផ្ទះវិញ លោកជម្រាបឪពុកម្ដាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្ដីដណ្ដឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀបការជាមួយនាង»។
3. ឪពុកម្ដាយតបទៅលោកវិញថា៖ «ក្នុងក្រុមញាតិរបស់យើង ឬជនជាតិយើង តើគ្មានស្ត្រីក្រមុំទេឬ បានជាកូនចង់រៀបការជាមួយស្ត្រីជាតិភីលីស្ទីន ជាសាសន៍ដទៃទៅវិញដូច្នេះ?»។ ប៉ុន្តែ លោកសាំសុនពោលទៅកាន់ឪពុកថា៖ «សូមពុកទៅស្ដីដណ្ដឹងនាងឲ្យខ្ញុំមក ដ្បិតខ្ញុំពេញចិត្តតែនាងនេះម្នាក់ប៉ុណ្ណោះ»។