គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 14:1-11 Khmer Standard Version (KHSV)

1. ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។

2. ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​ជម្រាប​ឪពុក‌ម្ដាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់ នៅ​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្ដី​ដណ្ដឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀប‌ការ​ជា​មួយ​នាង»។

3. ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន‌ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀប‌ការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​ឲ្យ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។

4. ឪពុក‌ម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល។

5. លោក​សាំសុន​ក៏​ធ្វើ​ដំណើរ​ទៅ​ធីមណា​ជា​មួយ​ឪពុក‌ម្ដាយ​លោក។ លុះ​ទៅ​ដល់​ត្រង់​ចម្ការ​ទំពាំង‌បាយជូរ​ក្បែរ​ធីមណា ស្រាប់​តែ​មាន​សត្វ​សិង្ហ​ស្ទាវ​មួយ​ហក់​មក​លើ​លោក​សាំសុន ទាំង​គ្រហឹម។

6. រំពេច​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​មក​សណ្ឋិត​លើ​លោក លោក​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ប្រាប់​ឪពុក‌ម្ដាយ​ទេ។

7. លោក​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ធីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលីស្ទីន​នោះ លោក​ពេញ​ចិត្ត​នឹង​នាង​ណាស់។

8. ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀប‌ការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។

9. លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ហើយ​ពេល​ជួប​ឪពុក‌ម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជម្រាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។

10. ឪពុក​របស់​លោក​សាំសុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ តាម​ទំនៀម‌ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។

11. ពេល​ជន‌ជាតិ​ភីលីស្ទីន​ឃើញ​លោក គេ​ក៏​ជ្រើស​រើស​យុវជន​សាម‌សិប​នាក់ ឲ្យ​មក​កំដរ​លោក។

សូមអានជំពូកពេញលេញ ចៅហ្វាយ 14