គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 13:10-23 Khmer Standard Version (KHSV)

10. គាត់​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ‌ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។

11. លោក​ម៉ាណូអា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស ហើយ​ពោល​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវតា​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

12. លោក​ម៉ាណូអា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។

13. ទេវតា​របស់​ព្រះ‌អម្ចាស់​តប​មក​លោក​ម៉ាណូអា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់

14. នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់»។

15. លោក​ម៉ាណូអា​ពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «សូម​លោក​មេត្តា​រង់‌ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។

16. ទេវតា​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀបចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូអា​ពុំ​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់​ទេ

17. គាត់​ក៏​សួរ​ថា៖ «តើ​លោក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​ដឹង​គុណ​លោក នៅ​ពេល​ហេតុ‌ការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​លោក»។

18. ទេវតា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។

19. បន្ទាប់​មក លោក​ម៉ាណូអា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។ ពេល​លោក​ម៉ាណូអា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ

20. គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូអា និង​ភរិយា​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

21. កាល​អ្នក​ទាំង​ពីរ​មើល​ទេវតា​របស់​ព្រះ‌អម្ចាស់​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូអា​ដឹង​ថា​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់

22. ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​ព្រះ‌ជាម្ចាស់»។

23. ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​ចង់​ឲ្យ​យើង​ស្លាប់​មែន​នោះ ព្រះ‌អង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ​ឲ្យ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 13