គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 12:5-12 Khmer Standard Version (KHSV)

5. អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»

6. នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។

7. លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​លោក។

8. ក្រោយ​លោក​យែបថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីប‌សាន ជា​អ្នក​ស្រុក​បេថ្លេ‌ហិម បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។

9. លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ និង​កូន​ស្រី​សាម‌សិប​នាក់។ លោក​បាន​លើក​កូន​ស្រី​ឲ្យ​រៀប‌ការ​នឹង​បុរស​នៅ​កុល‌សម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុល‌សម្ព័ន្ធ​ផ្សេង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​លោក​ដែរ។ លោក​បាន​គ្រប់‌គ្រង​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ

10. រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​បេថ្លេ‌ហិម។

11. ក្រោយ​លោក​អ៊ីប‌សាន មាន​បុរស​ម្នាក់​ឈ្មោះ​អេឡូន ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ដប់​ឆ្នាំ

12. រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​អាយ៉ា‌ឡូន ក្នុង​ទឹក​ដី​សាប់យូ‌ឡូន។

សូមអានជំពូកពេញលេញ ចៅហ្វាយ 12