គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 11:29-37 Khmer Standard Version (KHSV)

29. គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​យែបថា លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណា‌សេ រួច​ទៅ​ដល់​មីស‌ប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។

30. លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ចំពោះ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ជន‌ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ

31. ហើយ​ពេល​ទូលបង្គំ​ត្រឡប់​មក​វិញ​ដោយ​ជោគ​ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ទូលបង្គំ មក​ទទួល​ទូលបង្គំ​មុន​គេ ទូលបង្គំ​នឹង​យក​អ្នក​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់»។

32. លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន‌ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។

33. លោក​យែបថា​បាន​វាយ​កម្ទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត - សរុប​ទាំង​អស់​ម្ភៃ​ក្រុង - បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-‌កេរ៉ា‌មីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​បរា‌ជ័យ​បាក់​មុខ​យ៉ាង​ខ្លាំង។

34. ពេល​លោក​យែបថា វិល​ត្រឡប់​មក​ផ្ទះ​របស់​លោក​នៅ​មីស‌ប៉ា​វិញ កូន​ស្រី​របស់​លោក​ចេញ​មក​ទទួល ទាំង​រាំ និង​វាយ​ក្រាប់។ នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​លោក គឺ​ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស កូន​ស្រី​ណា​ទៀត​ឡើយ។

35. កាល​លោក​ក្រឡេក​ឃើញ​នាង លោក​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ! កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សម្ដី​នោះ​វិញ​ទេ»។

36. នាង​ឆ្លើយ​ទៅ​លោក​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។

37. នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្ដិ​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​កូន»។

សូមអានជំពូកពេញលេញ ចៅហ្វាយ 11