គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 11:2-18 Khmer Standard Version (KHSV)

2. រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្ដេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។

3. ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។

4. ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

5. ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​ថូប

6. ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។

7. លោក​យែបថា​ឆ្លើយ​តប​ទៅ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​វិញ​ថា៖ «អស់​លោក​បាន​ស្អប់​ខ្ញុំ ហើយ​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ពេល​មាន​អាសន្ន អស់​លោក​បែរ​ជា​រត់​មក​រក​ខ្ញុំ​ទៅ​វិញ!»។

8. ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​លោក​វិញ ដើម្បី​អញ្ជើញ​លោក​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជា‌ជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។

9. លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​បើ​ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។

10. ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «ព្រះ‌អម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!»។

11. លោក​យែបថា​ក៏​ចេញ​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ហើយ​ប្រជា‌ជន​បាន​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ‌ទ័ព​របស់​ពួក​គេ។ ពេល​នោះ លោក​យែបថា​រំឭក​ឡើង​វិញ​នូវ​ពាក្យ​ដែល​លោក​បាន​ព្រម​ព្រៀង​ជា​មួយ​ពួក​ចាស់​ទុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីសប៉ា។

12. លោក​យែបថា​បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះ‌ករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូលបង្គំ​ដូច្នេះ?»។

13. ស្ដេច​ជន‌ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ តាម​សម្រួល​ទៅ»។

14. លោក​យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​របស់​លោក ទៅ​ទូល​ស្ដេច​ជន‌ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖

15. «ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន‌ជាតិ​អាំម៉ូន​ទេ។

16. នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដេស។

17. ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្ដេច​មិន​បាន​យល់​ព្រម​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្ដេច​ស្រុក​ម៉ូអាប់ តែ​ស្ដេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដេស​នោះ​ទៅ។

18. ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើណូន​ជា​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់។

សូមអានជំពូកពេញលេញ ចៅហ្វាយ 11