គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 11:11-29 Khmer Standard Version (KHSV)

11. លោក​យែបថា​ក៏​ចេញ​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ហើយ​ប្រជា‌ជន​បាន​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ‌ទ័ព​របស់​ពួក​គេ។ ពេល​នោះ លោក​យែបថា​រំឭក​ឡើង​វិញ​នូវ​ពាក្យ​ដែល​លោក​បាន​ព្រម​ព្រៀង​ជា​មួយ​ពួក​ចាស់​ទុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​មីសប៉ា។

12. លោក​យែបថា​បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះ‌ករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូលបង្គំ​ដូច្នេះ?»។

13. ស្ដេច​ជន‌ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ តាម​សម្រួល​ទៅ»។

14. លោក​យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​របស់​លោក ទៅ​ទូល​ស្ដេច​ជន‌ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖

15. «ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន‌ជាតិ​អាំម៉ូន​ទេ។

16. នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដេស។

17. ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្ដេច​មិន​បាន​យល់​ព្រម​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្ដេច​ស្រុក​ម៉ូអាប់ តែ​ស្ដេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដេស​នោះ​ទៅ។

18. ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើណូន​ជា​ព្រំ‌ប្រទល់​នៃ​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់។

19. នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេស‌បូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​ព្រះ‌ជាម្ចាស់​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។

20. ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ។ ស្ដេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។

21. ពេល​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្ដេច មក​ក្នុង​កណ្ដាប់​ដៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ជ័យ‌ជំនះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី។

22. ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រដាន់។

23. ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ៊ីស្រា‌អែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី។ ឥឡូវ​នេះ តើ​ព្រះ‌ករុណា​ចង់​ដណ្ដើម​យក​ពី​យើង​វិញ​ឬ?

24. ព្រះ‌ករុណា​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ព្រះ​របស់​ព្រះ‌ករុណា​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្ដើម​យក​បាន​នោះ​ទេ​ឬ​អី?

25. តើ​ព្រះ‌ករុណា​គិត​ថា ទ្រង់​ខ្លាំង​ពូកែ​ជាង​ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ ស្ដេច​នៃ​ជន‌ជាតិ​ម៉ូអាប់​ឬ? ព្រះ‌បាទ​បាឡាក់​ពុំ​បាន​រក​រឿង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ក៏​មិន​បាន​ច្បាំង​នឹង​ពួក​គេ​ដែរ។

26. ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ?

27. ទូលបង្គំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ព្រះ‌រាជា​ឡើយ គឺ​ព្រះ‌រាជា​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ទូលបង្គំ។ សូម​ព្រះ‌អម្ចាស់​ដែល​ជា​ចៅ‌ក្រម មេត្តា​កាត់​ក្ដី​រវាង​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។

28. ប៉ុន្តែ ស្ដេច​នៃ​ជន‌ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សម្ដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​មក​ទូល​នោះ​ឡើយ។

29. គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​យែបថា លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណា‌សេ រួច​ទៅ​ដល់​មីស‌ប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។

សូមអានជំពូកពេញលេញ ចៅហ្វាយ 11