1. ខ្ញុំជាចាស់ទុំ ជូនចំពោះលោកកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្ដីពិត។
2. ប្អូនជាទីស្រឡាញ់អើយ! ខ្ញុំអធិស្ឋាន សូមឲ្យអ្នកបានចម្រើនឡើងក្នុងគ្រប់ការទាំងអស់ ហើយឲ្យមានសុខភាពល្អ ដូចជាព្រលឹងរបស់អ្នកបានចម្រើនឡើងដែរ។
3. ខ្ញុំត្រេកអរខ្លាំងណាស់ ព្រោះមានបងប្អូនមកធ្វើបន្ទាល់អំពីអ្នកថាបាននៅក្នុងសេចក្ដីពិត ដូចដែលអ្នកកំពុងប្រព្រឹត្ដតាមសេចក្ដីពិតនោះហើយ។
4. ខ្ញុំគ្មានអំណរណាលើសជាងសេចក្ដីទាំងនេះទេ គឺដោយខ្ញុំបានឮថា កូនៗរបស់ខ្ញុំកំពុងប្រព្រឹត្ដតាមសេចក្ដីពិត។
5. ប្អូនជាទីស្រឡាញ់អើយ! អ្វីៗដែលអ្នកបានធ្វើសម្រាប់ពួកបងប្អូន និងសម្រាប់អ្នកក្រៅ គឺអ្នកបានធ្វើដោយស្មោះត្រង់
6. ហើយពួកគេបានធ្វើបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅចំពោះមុខក្រុមជំនុំ។ ពេលអ្នកជូនដំណើរពួកគេបន្ដទៀតតាមបែបស័ក្ដិសមនឹងព្រះជាម្ចាស់ នោះអ្នកធ្វើល្អហើយ
7. ដ្បិតគេបានចេញទៅ ដោយព្រោះព្រះនាមរបស់ព្រះអង្គ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃឡើយ។
8. ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងត្រលប់ជាអ្នករួមការងារសម្រាប់សេចក្ដីពិត។
9. ខ្ញុំបានសរសេរសេចក្ដីខ្លះជូនក្រុមជំនុំ ប៉ុន្ដែលោកឌីអូត្រេពដែលចូលចិត្ដធ្វើជាអ្នកធំក្នុងចំណោមពួកគេ គាត់មិនទទួលយើងទេ
10. ដូច្នេះ ពេលខ្ញុំមកដល់ ខ្ញុំនឹងរំលឹកពីការដែលគាត់ធ្វើ គាត់ចេះតែនិយាយអំពីយើងដោយពាក្យអាក្រក់ ហើយប៉ុណ្ណឹងមិនស្កប់ចិត្ដទេ គាត់ថែមទាំងមិនទទួលបងប្អូន ហើយហាមឃាត់អស់អ្នកដែលចង់ទទួល ទាំងបណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។
11. ប្អូនជាទីស្រឡាញ់អើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យត្រាប់តាមសេចក្ដីអាក្រក់ឡើយ អ្នកដែលប្រព្រឹត្ដល្អ អ្នកនោះមកពីព្រះជាម្ចាស់ហើយ រីឯអ្នកដែលប្រព្រឹត្ដអាក្រក់វិញ អ្នកនោះមិនបានឃើញព្រះជាម្ចាស់ឡើយ។
12. មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិតក៏ធ្វើបន្ទាល់ល្អៗពីលោកដេមេទ្រាស រីឯយើងវិញក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងដែរថា សេចក្ដីបន្ទាល់របស់យើងជាពិត។
13. ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមកអ្នក ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយស្លាបប៉ាកកា និងទឹកខ្មៅនោះទេ