គម្ពីរសញ្ញាថ្មី

២ ពេត្រុស 3:1-8 Khmer Christian Bible (KCB)

1. ឥឡូវនេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ ខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​

2. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​អំពី​សេចក្ដី​ដែល​ពួកអ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពីមុន​មក​ និង​ពី​បញ្ញត្ដិ​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។​

3. មុន​ដំបូង​ ចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​មក​ ទាំង​ចំអក​

4. ដោយ​និយាយ​ថា​ តើ​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​របស់​ព្រះអង្គ​នៅ​ឯណា​ ដ្បិត​តាំង​ពី​ពួក​ដូនតា​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក។​

5. ព្រោះ​គេ​ចង់​បំភ្លេច​សេចក្ដី​នេះ​ថា​ តាំង​ពី​យូរ​ណាស់​មក​ហើយ​ នោះ​មាន​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

6. បន្ទាប់​មក​ ពិភព​លោក​ត្រូវ​ទឹក​នោះ​ជន់លិច​បំផ្លាញ​

7. ហើយ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​

8. បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ សូម​កុំ​ភ្លេច​សេចក្ដី​មួយនេះ​ឡើយ​ថា​ នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​

សូមអានជំពូកពេញលេញ ២ ពេត្រុស 3