គម្ពីរសញ្ញាថ្មី

២ ពេត្រុស 3:1-10 Khmer Christian Bible (KCB)

1. ឥឡូវនេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ ខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​

2. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​អំពី​សេចក្ដី​ដែល​ពួកអ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពីមុន​មក​ និង​ពី​បញ្ញត្ដិ​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។​

3. មុន​ដំបូង​ ចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​មក​ ទាំង​ចំអក​

4. ដោយ​និយាយ​ថា​ តើ​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​របស់​ព្រះអង្គ​នៅ​ឯណា​ ដ្បិត​តាំង​ពី​ពួក​ដូនតា​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក។​

5. ព្រោះ​គេ​ចង់​បំភ្លេច​សេចក្ដី​នេះ​ថា​ តាំង​ពី​យូរ​ណាស់​មក​ហើយ​ នោះ​មាន​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

6. បន្ទាប់​មក​ ពិភព​លោក​ត្រូវ​ទឹក​នោះ​ជន់លិច​បំផ្លាញ​

7. ហើយ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​

8. បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ សូម​កុំ​ភ្លេច​សេចក្ដី​មួយនេះ​ឡើយ​ថា​ នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​

9. ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​

10. ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មក​ដូចជា​ចោរ​ នៅ​ថ្ងៃ​នោះ​ ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង​ ធាតុ​ទាំងឡាយ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ឯ​ផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាស​អស់​ដែរ។​

សូមអានជំពូកពេញលេញ ២ ពេត្រុស 3